កូនស្រីសម្តេច គង់ សំអុល ទទួលងារជាលោកអ្នកឧកញ៉ា និងតំណែងទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង

ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ហ៊ុន សែន ក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រាស់បង្គាប់ផ្តល់គោរមងារដល់លោកស្រី គង់ បញ្ញា ជា «លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា»។ នេះបើតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងថ្ងៃដដែលព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា ក៏ត្រូវបានអង្គព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ជំនួសសម្តេច មហាមន្ត្រី គុយ សុផល ដែលទើបទទួលគោរមងារសម្តេច និងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជំនួសសម្តេចចៅហ្វាវាំង គង់ សំអុល ដែលទទួលមរណភាព។

លោកស្រី គង់ បញ្ញា ជាកូនស្រីបង្កើតរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ លោកស្រីជារដ្ឋលេខាធិកាក្រសួងព្រះបរមរាជវាំង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅក្រសួងព្រះបរមរាជវាំង ហើយក៏មានតួនាទីជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង មានឋានៈស្មើទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម