ស្ថានទូតបារាំង៖ ឈ្មោះរបស់ វណ្ណដា នឹងចារឹកទុកក្នុងប្រវត្តិសាស្រ្តនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក

តារារ៉េបកម្ពុជាល្បីឈ្មោះ វណ្ណដា ទទួលបានការផ្តល់កិក្តិយសឡើងច្រៀងនៅចំពោះមុខពិភពលោកកាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា ក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ២០២៤ ដែលប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះលើកទី៣៣។

ស្ថានទូចបារាំងប្រចាំកម្ពុជា បានប្រកាសលើទំព័រហ្វេសប៊ុកពីតំណឹងតារាចម្រៀងរ៉េបច្រៀងក្នុងពិធីបិទនោះ។ ស្ថានទូតបារាំងបានបញ្ជាក់ថា «មុនពេលកម្ពុជាដណ្តើមបានមេដាយអូឡាំពិកលើកដំបូងរបស់ខ្លួននៅថ្ងៃណាមួយ ឈ្មោះរបស់ វណ្ណដា នឹងចារឹកទុកក្នុងប្រវត្តិសាស្រ្តនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក»។

តាមដានជាមួយយើង៖ Million Times

អតីតប្រធានវិទ្យុបារាំងនៅកម្ពុជា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កាសែតបារាំង Le Parisien ចុះផ្សាយអត្ថបទមួយ ដោយចោទសួរថា តើ វណ្ណដា ជានរណា? 

លោកថា ជារឿងធម្មតា កម្ពុជាជាប្រទេសសម្បូរយុវជននិងយុវនារី (៧០%នៃប្រជាជនខ្មែរមានអាយុក្រោម៣០ឆ្នាំ)។ ម្ល៉ោះហើយ ដើម្បីព្យាករមើលអនាគតនៃប្រទេសមួយនេះ គេតែងចាប់អារម្មណ៍ជាពិសេសទៅលើ«ទំពាំងស្នងឫស្សី»។ 

លោកបញ្ជាក់បន្ថែមថា គុណភាពនៃយុវវ័យ អាចស្តែងឡើងលើគ្រប់វិស័យ ដូចជាចំណេះដឹងនិងជំនាញ ពិសេស ផ្នែកវិទ្យាសាស្ត្រ និងសេដ្ឋកិច្ចហិរញ្ញវត្ថុ ព្រមទាំងសិល្ប:ដែលជាព្រលឹងជាតិនិងដែលត្រូវតែរស់រវើក សម្បូរបែប ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។ វណ្ណដាជាសិល្បករដែលមានគុណសម្បត្តិអស់ទាំងនេះ៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម