សម្តេចនាយករដ្ឋមន្រ្តីពិនិត្យមើលស្ថានភាពរស់នៅប្រជាពលរដ្ឋខ្មែរតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

នៅថ្ងៃទី៣០ ខែកក្កដានេះ សម្តេច ហ៊ុន ម៉ាណែត បានធ្វើដំណើរតាមរថយន្តចុះពិនិត្យមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែន និងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម។

តាមរយៈវីដេអូប្រមាណ ២នាទី និងខ្លឹមសារបញ្ជាក់ពីការចុះពិនិត្យជាក់ស្តែងតំបន់ខេត្តក្រចេះ និងមណ្ឌលគិរី ត្រូវបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួន សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេត្ថារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។

តាមដានជាមួយយើង៖ Million Times

សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា ៖ «ថ្ងៃនេះឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី»។

សូមជម្រាបជូនថា ការចុះពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមរបស់ប្រមុខរាជរដ្ឋាភិបាលនាពេល គឺកើតឡើងក្រោយការផ្ទុះឡើងព័ត៌មានពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម)  មានភាពមិនប្រក្រតីដោយក្រុមប្រឆាំងឈរនៅក្រៅប្រទេស ក៏ដូចជាអ្នកបណ្តាញសង្គមមួយចំនួនលើកឡើងថា រដ្ឋាភិបាលកាត់ដីនៃខេត្តចំនួន ៤ ដាក់ចូលក្នុងតំបន់ត្រីកោណ គឺជាការប្រគល់ដីឲ្យប្រទេសវៀតណាម។ ការណ៍ត្រូវបានប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន ចេញមកពន្យល់ជាង ២ម៉ោងតាមរយៈទូរទស្សន៍ជាតិកម្ពុជា ព្រមទាំងបញ្ជាក់ថា គ្មានកាត់ទឹកដីឲ្យប្រទេសវៀតណាមដូចការចោទប្រកាន់នោះឡើយ។

សម្តេច ហ៊ុន សែន បានថ្លែងថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែតំបន់នេះទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ។ សម្រាប់កម្ពុជាវិញ នៅចុងសតវត្សរ៍ទី២០ ឆ្លងចូល២១ ខេត្តមណ្ឌលគិរី រតនគិរី មិនមានផ្លូវទៅដល់នោះទេ គឺត្រូវស្នើសុំវៀតណាម ឆ្លងចូល។

សម្តេចប្រធានព្រឹទ្ធសភាបញ្ជាក់ថា ផ្តើមចេញពីស្ថានភាពឱនភាពផ្នែកសេដ្ឋកិច្ច និងផ្នែកអភិវឌ្ឍន៍ ទើបតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ។ សម្តេចបានថ្លែងបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធ្វើឱ្យខេត្តភាគឦសានរបស់កម្ពុជា ត្រូវបានតភ្ជាប់ផ្នែកសេដ្ឋកិច្ច ដែលត្រូវការសំខាន់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ អគ្គិសនី ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ វីដេអូសម្តេចធិបតី