នាយករដ្ឋមន្រ្តីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោក វ៉ាង វិនប៊ិន ទំនាក់ទំនងកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត

អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ិន បានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំនួសលោក វ៉ាង វិនធៀន ដែលត្រូវផុតអាណត្តិហើយត្រូវត្រឡប់ទៅកាន់ទីក្រុងប៉េកាំងវិញ។ ក្នុងនាមជាប្រមុខទូតថ្មីប្រចាំកម្ពុជាលោកបានប​ង្ហាញមុខសាធារណៈលើកដំបូងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង»។

នាពេលថ្មីៗនេះ លោក វ៉ាង វិនប៊ិន ចូលព្រះបរមរាជវាំងថ្វាយសារតាំងចំពោះព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រមទាំងបានបញ្ជាក់ពីចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា នឹងត្រូវបានអភិវឌ្ឍន៍កាន់តែរឹងមាំបន្ថែមទៀតនាពេលឣនាគត។ ទន្ទឹមនឹងនោះលោកក៏បានចូលជួបសម្ដែងការគួរសមជាមួយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ លោកបានចាត់ទុក សម្ដេច ហ៊ុន​ សែន ជាមិត្តចាស់ មិត្តល្អរបស់ប្រជាជនចិន ក៏ជាអ្នកនយោបាយដែលមានបទពិសោធន៍ច្រើន។ លោកថ្លែងថា៖ «ខ្ញុំរៀនសូត្រច្រើនពីសម្ដេចតេជោអំពីការអភិវឌ្ឍទំនាក់ទំនងចិននិងកម្ពុជា។ ខ្ញុំមានជំនឿនិងជឿជាក់យ៉ាងមុតមាំថា មិត្តភាពដែកថែបចិននិងកម្ពុជាមុខជានឹងឆ្ពោះទៅដល់កម្រិតថ្មីមួយទៀត»។

តាមដានជាមួយយើង៖ Million Times

នៅព្រឹកថ្ងៃចន្ទទី២២ កក្កដានេះ លោក វ៉ាង វិនប៊ិន បានចូលជួមសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត ព្រមទាំងប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។ ក្នុងឱកាសជំនួបនោះសម្ដេចបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក វ៉ាង វិនប៊ិន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ សម្ដេចជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

សម្រាប់លោកឯកអគ្គរដ្ឋទូតថ្មីរូបនេះ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។ លោកក៏ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែរ។ ជាមួយគ្នានេះលោកបានប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។

សូមជម្រាបជូនថា ក្នុងជំនួបដដែលនោះ សម្ដេចនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូតចិន ក៏បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ដែលរួមមាន ជាអាទិ៍៖ វិស័យការពារជាតិ និងសន្តិសុខ, វិស័យថាមពល, វិស័យទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, វិស័យកសិកម្ម, និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ៕

អត្ថបទ៖​ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី