អ្នកនិពន្ធ ពៅ សុខ៖ សម្តេចតេជោ ហ៊ុន សែន គឺជាកំពូលមនុស្សយ៉ាងពិតប្រាកដ

លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ ដែលជាអ្នករសេរសៀវភៅអំពីថ្នាក់ដឹកនាំ ដ៏លេចធ្លោម្នាក់ បានប្រាប់ អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ តាមរយៈការស្រាវជ្រាវរបស់លោក ដោយយោងទៅលើទស្សនៈវិទូុចិនស៊ុន អ៊ូ ឬស៊ុន ជឺ ដែល​លើកឡើងថា សម្តេច ហ៊ុន សែន គឺជាកំពូលមេទ័ព និងជាកំពូល​មនុស្ស​យ៉ាង​ពិតប្រាកដ។ តាមការកត់ត្រា​របស់លោក ពៅ សុខ សម្តេច ហ៊ុន សែន បានឈ្នះលើសមរភូមិ​ប្រយុទ្ធដោយ​មិនបាច់ច្បាំងចំនួន៣លើក។

លោក ពៅសុខ បានរម្លឹកថា កំពូលទស្សនវិទូចិន ស៊ុន អ៊ូ ឬស៊ុន ជឺ បាននិយាយថា អ្នកឈ្នះសង្រ្គាម ឬយក​សង្រ្គាមបញ្ចប់សង្រ្គាម មិនមែន​ជា​កំពូលមនុស្ស ឬកំពូលមេទ័ពទេ។ តែអ្នកឈ្នះ ឬបញ្ចប់សង្រ្គាម ដោយមិនបាច់​ច្បាំងទើបជាកំពូលមេទ័ព ឬ​កំពូល​មនុស្សពិតប្រាកដ។ 

តាមដានជាមួយយើង៖ Million Times

លោក ពៅ សុខ បានបញ្ជាក់ថា ក្នុងដំណាក់កាលសម័យសង្រ្គាម៥ឆ្នាំ គឺនៅអំឡុងចុងខែមិថុនា ឆ្នាំ១៩៧០ បន្ទាប់​ពីបានសិក្សាពីយុទ្ធសាស្រ្តសង្រ្គាម និងចម្បាំងបានប្រមាណជាង២សន្តាហ៍ សម្តេច ហ៊ុុ៊ុន សែន ត្រូវបានមេ​បញ្ជាការ បញ្ជាឱ្យដឹកនាំកម្លាំងជាង១០នាក់ឡើងទៅប្រយុទ្ធនៅសមរភូមិស្នួល ដែលជាសមរភូមិលើកដំបូង លើក​ទី១ក្នុង​ឆាកជីវិតរបស់​សម្តេច។ សមរភូមិនេះសម្តេច ហ៊ុន សែន បានយកឈ្នះសត្រូវគឺកងទ័ពសាធារណរដ្ឋខ្មែររបស់​លោក លន់ នល់ ដោយ​មិន​បាច់ច្បាំង ដោយមិនបាច់ប្រយុទ្ធ ព្រោះតែពួកបានសុំចុះចូលជាមួយសម្តេច នៅពេល​រសៀល។ ទោះយ៉ាងណា កាលពីម៉ោង៨ព្រឹក ពេលសម្តេច ចាប់ផ្តើមចងមេក្រូ ដើម្បីនិយាយឃោសនាទៅកាន់​កងទ័ពសាធារណរដ្ឋខ្មែរ មេក្រូរបស់សម្តេច ត្រូវបានគេបាញ់ឱ្យធ្លាក់ពីលើដើមកៅស៊ូ។

លោក ពៅ សុខ ឱ្យដឹងទៀតថា សមរភូមិប្រយុទ្ធទី២ ដែលសម្តេចទទួលបានជោគជ័យដោយមិនបាច់ច្បាំង ដែរ​នោះ គឺសមរភូមិកោះទ្រុង ស្ថិតនៅចំពីមុខទីរួមខេត្តក្រចេះបច្ចុប្បន្ន ហើយទម្រង់នៃការឈ្នះសង្រ្គាមនេះ មាន​សភាព​ដូចគ្នាគឺការសុំចុះចូលរបស់កងទ័ពសាធារណរដ្ឋខ្មែរ។ 

លោក ពៅ សុខ បានសង្កត់ធ្ងន់ថា រឿងដែលអស្ចារ្យចុងក្រោយបង្អស់មួយទៀតដែលមនុស្សក្នុងលោក​ពិបាកនឹង​ធ្វើបាននោះ គឺសម្តេច ហ៊ុន សែន បាបញ្ចប់សង្រ្គាមជាស្ថាពរ១០០%នៅកម្ពុជា ដោយមិន​បាច់​ច្បាំង ដោយគ្មានកា​រ​ចំណាយអាវុធសូម្បីមួយគ្រាប់ ឬការបង្ហូរឈាមសូម្បីមួយតំណក់ តាមរយៈយុទ្ធសាស្រ្តឌីហ្វីដ និងនយោបាយឈ្នះ ឈ្នះ។ លោកពៅ សុខ អះអាងថា នេះហើយ ដែលអ្នកប្រាជ្ញចិន ស៊ុន អ៊ូ ឬស៊ុន ជឺ និយាយថា ជាកំពូលមេទ័ព កំពូលមនុស្សនោះ៕