កូនប្រុសសម្តេច ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសចំនួន២ ក្នុងការប្រឡងកម្រិតសាកលនៅឌូបៃ

កុមារឈ្មោះ ហ៊ុន ពេជមុនីរិទ្ធីសិទ្ធ ដែលជាកូនប្រុសពៅរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានទទួលមេដាយមាសចំំនួន ២ ក្នុងការប្រឡងកម្រិតសាកលនៅឌូបៃ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ គឺ មេដាយមាសមួយសម្រាប់វិញ្ញាសាគណិតវិទ្យា និងមេដាយមាសមួយទៀតសម្រាប់វិញ្ញាសាភាសាអង់គ្លេស។

ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ សម្តេច ហ៊ុន សែន បានបង្ហោះសារអបអរសាទរចៅប្រុសភ្ជាប់ជាមួយសញ្ញាបត្រជាភាសាអង់គ្លេស និងរូបភាពការទទួលបានសញ្ញាបត្រជាច្រើនសន្លឹកដែលមានវត្តមានលោកស្រី ពេជ ចន្ទមុនី ចូលរួមអបអរសាទរកូនប្រុសនៅទីក្រុងឌូបៃ។ សម្តេចប្រធានព្រឹទ្ធសភា បញ្ជាក់ថា សម្តេចមិនខ្វល់ថា កុមាររិទ្ធីសិទ្ធិ (ចៅ) ប្រឡងបានចំណាត់ថ្នាក់បែបណានោះទេ តែសម្តេចពិតជាមានមោទនភាពតាំងពីជាងមួយខែមុនក្រោយបានទទួលដំណឹងថា រិទ្ធីសិទ្ធិ (ចៅ) ជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសាកលនៅឌូបៃ។

តាមដានជាមួយយើង៖ Million Times

សម្តេចថ្លែងថា៖ «តាយាយញញឹមពេលចៅចេញដំណើរទៅ រីករាយ និងមើលរូបថតចៅកំពុងអង្គុយប្រឡង។ ពេលនេះតាយាយកាន់តែមានមោទនភាព ដោយទទួលបានដំណឹងថា ចៅបានទទួលមេដាយមាសរហូតពីរគ្រឿង មួយគ្រឿងសម្រាប់គណិតវិទ្យា និងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស។ ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយតែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសាអង់គ្លេស ទាំងគណិតវិទ្យាថ្នាក់ទី១ជាមួយសិស្សពីប្រទេសផ្សេងទៀត»។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏មានមោទនភាពផងដែរចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃក្នុងថ្នាក់ និងកំរិតខុសៗគ្នាដែលបង្ហាញថាចៅៗជាសិស្សពូកែរបស់កម្ពុជាទើបអាចចូលប្រឡងកំរិតសកលបាន។ សូមអបអរសាទរជាមួយមាតាបិតាអាណាព្យាបាលចៅៗទាំងអស់៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ផេកសម្តេច ហ៊ុន សែន