៧ចំណុចពីរដ្ឋបាលខេត្តដើម្បីពង្រឹងសេវាដឹកភ្ញៀវទេសចរប្រចាំអាកាសយានដ្ឋានសៀមរាប-អង្គរ

រដ្ឋបាលខេត្តសៀមរាបបានផ្តល់នូវអនុសាសន៍៧ចំណុច ដល់សមាគមអ្នកបើកបរដឹកភ្ញៀវទេសចរប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីលើកកម្ពស់ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍របស់ប្រតិបត្តិករទេសចរណ៍ប្រកបដោយគុណភាព គុណតម្លៃ និងស្នាមញញឹម។

លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ក្នុងពិធីសន្និបាតសាមញ្ញរបស់សមាគមអ្នកបើកបរដឹកភ្ញៀវទេសចរប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរបានបញ្ជាក់ថារដ្ឋបាលខេត្តបានបន្តពង្រឹង និងបង្កើនប្រសិទ្ធភាពការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដោយការរៀបចំលើកកម្ពស់និងកែលម្អរសោភ័ណភាពក្រុ ងនិងខេត្តឱ្យស័ក្តិសមជាទីក្រុងវប្បធម៌ប្រវតិ្តសាស្រ្ត ដ៏ចំណាស់របស់កម្ពុជា។

តាមដានជាមួយយើង៖ Million Times

លោកបានផ្តល់អនុសាសន៍ដល់សមាជិកសមាគមអ្នកដឹកភ្ញៀវទេសចរ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវអនុវត្តនូវគោលការណ៍មួយចំនួនដូចខាងក្រោម៖

១- ត្រូវមានអាកប្បកិរិយា សុភាពរាបសាររាក់ទាក់ និងហាមទារលុយពីភ្ញៀវទេសចរលើសពីការកំណត់ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរអន្តរជាតិ ខណៈបច្ចុប្បន្ននេះចំនួនភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប នៅមានកម្រិតនៅឡើយ។

២- មិនត្រូវដឹកភ្ញៀវទេសចរទៅខុសគោលដៅ និងមិនត្រូវទាមទារប្រាក់បន្ថែម ដែលសមាគមបានកំណត់នោះឡើយ។

៣- ត្រូវពង្រឹងឱ្យបានជាប់ជាប្រចាំនូវភាសាបរទេស និងជួយផ្សព្វផ្សាយអំពីវប្បធម៌ទូទៅរបស់ខ្មែរ ជាពិសេសទាក់ទងនឹងប្រាសាទ ណែនាំអំពីរមណីយដ្ឋានទេសចរណ៍នានា នៅក្នុងខេត្តដល់ភ្ញៀវទេសចរនិងពីការរីកចម្រើនប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប។

៤- ត្រូវតែមានភាពស្មោះត្រង់ជាមួយភ្ញៀវទេសចរ។

៥- ត្រូវមានធម៌មេត្តាក្នុងខ្លួន មិនត្រូវមើលងាយភ្ញៀវប្រមាថភ្ញៀវ វាយតម្លៃភ្ញៀវតែសំបកខាងក្រៅនោះទេ។

៦- ត្រូវមានការអធ្យាស្រ័យយោគយល់ចំពោះភ្ញៀវដោយមិនគិតតែប្រាក់ចំណេញពេក ផ្តល់អារម្មណ៍ល្អ សុវត្ថិភាពនិងកក់ក្តៅដល់ភ្ញៀវទេសចរដោយការសន្ទនា ពន្យល់ប្រាប់នូវអ្វីដែលយើងបានដឹងជូនដល់ភ្ញៀវដែលចូលមកលេងខេត្តសៀមរាប។

៧- ត្រូវចេះរក្សាចំណងមិត្តភាពរវាងភ្ញៀវដែលបានមកទស្សនាខេត្តឱ្យជាញាតិ៖ ត្រូវរក្សានូវចំណងមិត្តភាពរវាងភ្ញៀវដែលបានមកទស្សនាខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា ឱ្យដូចជាញាតិរបស់យើង។

សូមរំឭកថា បន្ទាប់ពីបើកដំណើរការជាផ្លូវការ ​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានផ្ដល់សិទ្ធិដឹកជញ្ជូនភ្ញៀវពីអាកាសយានដ្ឋាន ចូលក្រុងសៀមរាប ទៅឱ្យសមាគមដឹកជញ្ជូនទេសចរ។ តម្លៃសេវាតាក់ស៊ីរថយន្តធុនតូចតិចជាង៧កៅអី មានតម្លៃ៣៥ដុល្លារ និងតម្លៃ៤០ដុល្លារសម្រាប់ឡានក្រុងតូចពី៨កៅអីដល់១៥កៅអី ក្នុងមួយជើងៗ។  ចំណែកតម្លៃឡានក្រុងវិញ មានតម្លៃ៨ដុល្លារក្នុងមួយជើង និងតម្លៃ១៥ដុល្លារ សម្រាប់ការធ្វើដំណើរទៅនិងមក។

ចំពោះសេវាតាក់ស៊ីនេះ ស្ថិតក្រោមការគ្រប់គ្រង សមាគមអ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(TTA) ដែលមានសមាជិក៣៣០នាក់។ សមាគមនេះ ជាសមាគមដែលទទួលបានសិទ្ធិដឹកជញ្ជូនទេសចរពីអាកាសយានដ្ឋានចាស់ ពោលគឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ចំណែកសេវាឡានក្រុងវិញ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន នៃអាកាសយានដ្ឋាននេះ៕

អត្ថបទ៖ នារតី