រកឃើញម្ចាស់ជ័យលាភីឆ្នើមៗចំនួន៨រោងចក្រ សហគ្រាសដែលកែច្នៃស្វាយចន្ទី

ក្រុមហ៊ុន សហគ្រាស និងអ្នកកែច្នៃស្វាយចន្ទីចំនួន៨ ទទួលបានពានរង្វាន់ជ័យលាភីពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យស្វាយចន្ទី។

សម្រាប់ជ័យលាភីផ្នែក «ពានកិត្តិយសសម្រាប់ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤» មានចំនួន ៣ ទី១.ក្រុមហ៊ុន សានតាណា អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តព្រះវិហារ ទី២.ក្រុមហ៊ុន Mirarth Agri Tech Co.Ltd  មកពីខេត្តកំពង់ធំ ទី៣.សហគ្រាស កម្ពុណាត់ អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តកំពង់ធំ។

តាមដានជាមួយយើង៖ Million Times

ចំណែក «ពានកិត្តិយសម្រាប់អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤» ចំនួន ២ រួមមាន ទី១.សហគ្រាស សុវណ្ណៈមូជិន អាហ្រ្គូ ឯ.ក  មកពីខេត្តកំពង់ស្ពឺ និងទី២.សហគ្រាស វេហាស៍ ជូស៍ ឯ.ក មកពីខេត្តបន្ទាយមានជ័យ។ រីឯ ជ័យលោភីលេខ១ លេខ២ និងលេខ៣ សម្រាប់អ្នកកែច្នៃស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ គឺអ្នកកែច្នៃស្វាយចន្ទីឆ្នើម ២០២៤ ទទួលបានជ័យលាភីលេខ ៣គឺ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ មកពីខេត្តកំពង់ធំ ទី២.អ្នកកែច្នៃស្វាយចន្ទីឆ្នើម ២០២៤ ទទួលបានជ័យលាភីលេខ ២គឺ សហគ្រាស ៣កូអេកូ មកពីខេត្តកំពង់ធំ និងទី៣. អ្នកកែច្នៃស្វាយចន្ទីឆ្នើម ២០២៤ ទទួលបានជ័យលាភីលេខ ១គឺ សិប្បកម្មគ្រាប់ស្វាយចន្ទី ចំការលើ ឡឹង ម៉ានុត មកពីចំការលើខេត្តកំពង់ចាម។

ក្នុងឱកាសបិទ «កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤» នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ួង កុសល  រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយដែលបានបង្កើតនូវឱកាសសម្រាប់សហគ្រាស សិប្បករ រោងចក្រ អ្នកកែច្នៃទាំងអស់ឱ្យបានចូលរួមប្រគួតប្រជែង ដោយបានជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី តាមរយៈបច្ចេទេសកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួត ប្រជែងទីផ្សារ និងការបន្ថែមរសជាតិ លើផលិតផលគ្រាប់ស្វាយចន្ទីជាដើម។

ទន្ទឹមនឹងនេះលោកក៏បានលើកទឹកចិត្តដល់អ្នកកែច្នៃ សិប្បកម្ម រោងចក្រ សហគ្រាសកែច្នៃទាំងអស់ ដែលមិនបានជាប់ជ័យលាភី កុំមានការអាក់អន់ចិត្ត តែសូមខិតខំប្រឹងប្រែងបន្ថែមទៀត។

គួររំលឹកថា កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ស្វែងរកសហគ្រាសកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត និងជំរុញ លើកកម្ពស់ការអភិវឌ្ឍន៍វិស័យស្វាយចន្ទី តាមរយៈយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេកទេសការកែច្នៃគ្រាប់ស្វាយចន្ទី ការវិភាគសេដ្ឋកិច្ចការកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរស់ជាតិលើផលិតផលគ្រាប់ស្វាយចន្ទី។ កម្មវិធីនេះ បានចាប់ផ្តើមនៅថ្ងៃទី៩ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រឡងមានចំនួនសរុប២០សិប្បករ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងកសិកម្ម