សម្តេច ហ៊ុន សែន៖ មិនធ្លាប់លឺមេដឹកនាំចិនណាម្នាក់និយាយមកកាន់ខ្ញុំឲ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ

កាសែតបរទេសមួយនៅថ្ងៃទី៧ ខែមិថុនានេះបានចុះផ្សាយអំពីប្រទេសអាសុីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ នាប្រទេសស្វីស ប៉ុន្តែបានទម្លាក់កំហុសឲ្យចិនប្រសិនកម្ពុជាមិនបានចូលរួមក្នុងសន្និសីទនេះ។

ឆ្លើយនឹងការចុះផ្សាយពីកាសែតបរទេស នៅយប់ថ្ងៃសុក្រខែមិថុនានេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញមកប្រតិកម្ម និងបញ្ជាក់ជំហររបស់កម្ពុជាជារដ្ឋឯករាជ្យមិនមែនធ្វើតាមចិនបង្គាប់នោះឡើយ។

តាមដានជាមួយយើង៖ Million Times

សម្តេច ហ៊ុន សែន សរសេរក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនយ៉ាងដូច្នេះថា កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន សម្តេចប្រាប់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម។ សម្តេចក៏បានប្រាប់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្សុី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ សម្តេចបានប្រាប់ប្រធានព្រឹទ្ធសភាអ៊ុយក្រែនបន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្សុីនឹងវាយខ្លាំងលើសមរភូមិយោធា។ សម្តេចបញ្ជាក់ថា សម្តេចក៏និយាយបែបនេះទៅកាន់អគ្គនាយក CIA នៅថ្ងៃទី២ ខែមិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្ងៃទី៤ ខែមិថុនា ពេលមកជួបជាមួយសម្តេច។ សម្តេចដាក់ជាសំណួរថា តើសម្ដីបែបនេះ ចិនណែនាំឲ្យសម្តេចនិយាយឬកម្ពុជាមានសិទ្ធិនិយាយ? 

សម្តេច ហ៊ុន សែន បានថ្លែងថា «កម្ពុជាជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ខ្ញុំមិនធ្លាប់លឺ មេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឲ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឲ្យកម្ពុជាធ្វើតាមខ្លួនរហូតប៉ះទង្គិចសម្ដីជាមួយខ្ញុំជាញឹកញាប់»។

ទន្ទឹមនឹងនេះ សម្តេចប្រធានព្រឹទ្ធសភាបានអះអាងថា «ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀតចូលរួមឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ»។

បន្ថែមទៀតនោះ សម្តេចបានផ្តាំថា សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ