រដ្ឋមន្ដ្រី៣រូប ប្តេជ្ញាធ្វើការដោយតម្កល់ប្រយោជន៍ជាតិជាធំលើកស្ទួយកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ 

ក្រសួងចំនួន ៣ ពួតដៃគ្នាធ្វើការដោយតម្កល់ប្រយោជន៍ជាតិជាធំ បានព្រមព្រៀងជាគោលការណ៍ និងដាក់ចេញនូវចំណុចសំខាន់ៗដើម្បីអភិវឌ្ឍកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ។

លទ្ធផលកិច្ចប្រជុំអន្តរក្រសួងដែលដឹកនាំដោយរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃចន្ទ ទី៦ ខែឧសភានេះ បានព្រមព្រៀងគ្នាជាគោលការណ៍ និងបានដាក់ចេញនូវចំណុច សំខាន់ចំនួន ៤ រួមមាន៖ 

១. កំណត់គោលដៅយុទ្ធសាស្ត្រ  ដែលជាអាទិភាពរួមរបស់ក្រសួងទាំង ៣ ហើយដាក់ធនធានរួមគ្នា ដើម្បីសហការអនុវត្តឱ្យបានជោគជ័យ។ 

២.  ប្រឹក្សាយោបល់ជាមួយគ្នា តាមជំនាញ និងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់ និងជាប់លាប់ ដើម្បីបង្ការ និង ទម្លុះនូវភាពរាំងស្ទះទាំងឡាយ  ហើយឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។ 

៣. ផ្សារភ្ជាប់គម្រោង និងកម្មវិធីគោលនយោបាយ ដែលពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំង ៣ ដូចជាសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម សហគមន៍ប្រើប្រាស់ទឹករបស់ក្រសួងធនធានទឹក និងគម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទទួលបានអត្ថប្រយោជន៍ជា អតិបរមា។ 

៤. ឯកភាពជាគោលការណ៍ បង្កើតក្រុមការងារអន្ដរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់រាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការងារបន្ត។ 

 សេចក្តីប្រកាសព័ត៌មានរួមគ្នា បញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យការងាររវាងក្រសួងទាំង ៣ មានភាពស៊ីចង្វាក់គ្នា ធ្វើការជាមួយគ្នាដោយតម្កល់ប្រយោជន៍ជាតិជាធំ ជួយលើកកម្ពស់ជីវភាពប្រជាជនឱ្យមានបាន មានផលចំណេញដល់កសិករ មានផ្លូវដង្ហើមសេដ្ឋកិច្ច មានប្រសិទ្ធភាពសេដ្ឋកិច្ចដល់ទីជនបទ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងកសិកម្ម