គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ

ចលនាគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ កំពុងបន្តធ្លាក់មកដូចទឹកបាក់ទំនប់តាំងពីឥស្សរជន ថ្នាក់ដឹកនាំកំពូលៗ មន្រ្តីរាជរដ្ឋាភិបាល រហូតដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានសម្តែងនូវការប្រកាសគាំទ្រនិងសារទរយ៉ាងពេញទំហឹងចំពោះការសាងសង់គម្រោងព្រែកជីកជាប្រវត្តិសាស្រ្តរបស់កម្ពុជា បើទោះវៀតណាម និងសហរដ្ឋអាមេរិកសម្តែងក្តីបារម្ភ និងបំណងនៃការរារាំងក្តី។

ការប្រកាសគាំទ្រយ៉ាងផុសផុលគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ក្រោយការប្រកាសសុំការចូលរួមគាំទ្រពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៥។

ក្នុងវេទិកាសាធារណៈជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសានេះ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថវិកាសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ បានត្រៀមបម្រុងរួចហើយ មិនតម្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ ដោយសម្តេចចាត់ទុកការគាំទ្រផ្នែកស្មារតី គឺជាការគាំទ្រដ៏ធំធេង ហើយរាជរដ្ឋាភិបាលមិនមានគម្រោងបង្កើតមូលនិធិសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោនោះឡើយ។

តាមដានជាមួយយើង៖ Million Times

សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា ទោះមិនមានការចូលរួមពីបរទេស ក៏ខ្មែរអាចធ្វើព្រែកជីកនេះបានដែរ តាមរយៈសេណារីយ៉ូចំនួន៣។ បើទោះបីមិនទាន់បង្ហាញនូវរូបមន្ដ ឬសេណារីយ៉ូ៣ ដែលសម្ដេចបង្ហើបនោះ តែសម្ដេចបានបង្ហាញក្ដីរំពឹងថា សម្តេចនឹងមានឱកាសជិះកាណូតកម្សាន្តលើព្រែកជីកហ្វូណនតេជោ ខណៈការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុត គឺនៅឆ្នាំ២០២៥។

ទន្ទឹមគ្នានេះ សម្ដេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ និងសាសនា ចូលរួមគាំទ្រឲ្យគម្រោងព្រែកជីកហ្វូណន-តេជោ សម្រេចបានជោគជ័យ ហើយសម្ដេចបានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញសារយ៉ាងច្រើនអនេក មកគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីកម្ពុជាផ្លូវដឹកជញ្ជូនដោយខ្លួន មានកន្លែងដកដង្ហើមដោយខ្លួនឯង៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមការងារព័ត៌មានសម្តេចធិបតី