សម្តេច ហ៊ុន ម៉ាណែត អះអាងថានៅតែបន្តដើរទាក់ម៉ូយទោះបីក្រុមប្រឆាំងមិនសប្បាយចិត្តក្តី

ថ្លែងចេញពីស្រុកបាទី ខេត្តតាកែវ ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អះអាងថាសម្តេចនឹងនៅតែបន្តដើរទាក់ម៉ូយតទៅទៀតទោះបីក្រុមប្រឆាំងមិនសប្បាយចិត្តក្តី ដើររកអ្នកវិនិយោគមកធ្វើការវិនិយោគនៅក្នុងស្រុកឱ្យបានកាន់តែច្រើនបន្ថែមទៀត។

បេសកកម្មដើរទាក់ម៉ូយនេះ សម្តេចគូសបញ្ជាក់ថា ដើម្បីធ្វើយ៉ាងណាឱ្យកូនចៅជំនាន់ក្រោយកាន់តែមានសមិទ្ធផលបានកាន់តែច្រើនថែមទៀត។

សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖ «គេវៃខ្ញុំពីរ មានរឿងទាក់ម៉ូយ និងរឿងអួត ឥលូវខ្ញុំបន្តប្រើពាក្យនេះព្រោះខ្ញុំមានមោទនភាព ហើយទាក់ម៉ូយខ្ញុំនៅបន្តនិយាយព្រោះខ្ញុំនៅដើរទាក់ម៉ូយមែន ទៅបញ្ចុះបញ្ចូល តែទាំងអស់នេះគឺជាសមិទ្ធផលរួមរបស់ជាតិរបស់យើង»

សម្តេចបញ្ជាក់ថា ការដើរទាក់ម៉ូយនេះគឺយកមកឱ្យប្រជាពលរដ្ឋ និងកសិរមានការងារធ្វើ ហើយសម្តេចនឹងនៅតែបន្តដើរទាក់ម៉ូយតទៅទៀត ព្រោះលទ្ធផលនៃការដើរទាក់ម៉ូយនេះគឺធ្វើឱ្យអ្នកដែលនៅវិនិយោគស្រាប់បានកាន់តែជោគជ័យ តាមរយៈការជជែកជាមួយអ្នកដែលចង់មកវិនិយោគបន្ថែម ដែលនេះគឺជាលទ្ធផលដែលបានយ៉ាងធំធេងណាស់។

សម្តេចបានអះអាងថា អ្នកវិនិយោគដែលជោគជ័យ គឺបានមកពីការគាំទ្ររបស់ស្ថាប័នរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ជាក់ស្តែងរោងចក្រផលិតទឹកដោះគិរីសួគ៌ បើប្រជាពលរដ្ឋមិនគាំទ្រ គ្មានទីផ្សារយកទៅដាក់លក់បន្តនោះទេ នោះមិនអាចដំណើរការបាននោះទេ។ នេះហើយជាសមិទ្ធផលរួមដែលសម្តេចបានបញ្ជាក់ថា សម្តេចអួតនោះ គឺដោយសារខ្មែរយើងបានរួមគ្នាកសាងបានសមិទ្ធផលពីមួយឆ្នាំ ទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់កាន់តែធំឡើងៗជាប្រវត្តិសាស្ត្រសម្រាប់ខ្លួនយើង ដែលនេះហើយជាការអួតរបស់យើងនោះ។

សម្តេច ហ៊ុន ម៉ាណែត បន្ថែមទៀតថា សម្តេចនឹងនៅតែបន្តអួតតទៅទៀត និងនៅតែបន្តទាក់ម៉ូយតទៅទៀត និងត្រូវរួមគ្នាទាក់ម៉ូយថែមទៀត ដើម្បីកូនចៅយើងកាន់តែមានសមិទ្ធផលបានកាន់តែច្រើនថែមទៀតផងដែរ៕