មហាសេដ្ឋី គិត ម៉េង បង្ហោះសារផ្អែមល្ហែមជូនពរភរិយាក្នុងឱកាសខួបកំណើត

អ្នកឧកញ៉ា គិត ម៉េង ដែលជាមហាសេដ្ឋីក្ដោបក្ដាប់មុខជំនួញធំៗនៅកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហោះសារផ្អែមល្ហែមមួយ ដើម្បីជូនពរភរិយារបស់ខ្លួនគឺអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសខួបកំណើត។

តាមដានជាមួយយើង៖ Million Times

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានសរសេរថា «រីករាយថ្ងៃកំណើតអូន ចំណាន ភរិយាជាទីស្រទ្បាញ់របស់បងដែលជាអ្នកផ្តល់ភាពរីករាយបំផុត និងភាពកក់ក្តៅដល់បង! ប្រសិនបើបងត្រូវជ្រើសរើសម្តងទៀត បងនៅតែជ្រើសរើសអូន ចំណាន នៅគ្រប់ជីវិតបង និងគ្រប់កាលៈទេសៈ»។

អ្នកឧកញ៉ា បានសរសេរបន្តថា «អូនបានធ្វើឱ្យជីវិតបងមានផាសុក សុវត្ថិភាពផ្លូវចិត្ត ធ្វើឱ្យសកម្មភាពប្រចាំថ្ងៃរបស់បងមានអត្ថន័យ និងផ្តល់ការយកចិត្តទុក និងក្តីស្រទ្បាញ់ដ៏ជ្រាលជ្រៅលើសពីការគិតរបស់បង។ អូនបានផ្តល់ឱ្យបងនូវកូនដ៏ល្អបួននាក់ ហើយអូននៅតែមានចិត្តសប្បុរស និងក្តីស្រទ្បាញ់ចំពោះអ្នកដទៃក្រៅពីគ្រួសារផងដែរ»។

អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបន្ថែមថា អ្នកឧកញ៉ា ឃើញភរិយារបស់ខ្លួនដឹកនាំសមាគមសិល្បករខ្មែរ គឺដូចជាឃើញនូវសេចក្តីសប្បុរសដែលបង្ហាញផ្លូវដល់មនុស្សគ្រប់រូប។ អ្នកឧកញ៉ាថា «អូនលើកតម្កើងសិល្បករ ការពារវប្បធម៌ និងធ្វើឱ្យវប្បធម៌ និងសិល្បៈខ្មែរដ៏ល្អផូរផង់នៅតែរស់រវើកសម្រាប់មនុស្សជំនាន់ក្រោយ។ អូនដឹកនាំ និងសម្រេចបានសមិទ្ធផលនេះដោយភាពថ្លៃថ្នូរ  និងស្ងប់ស្ងាត់។ និយាយដោយត្រង់ទៅ បងពិតជាកោតស្ញប់ស្ញែងចំពោះគុណសម្បត្តិរបស់អូន»។

មហាសេដ្ឋីរូបនេះ បានបន្ថែមទៀតថា «នៅថ្ងៃខួបកំណើតរបស់អូន បងសូមអរគុណអូនចំពោះក្តីស្នេហ៍ ភាពអត់ធ្មត់ ចិត្តសប្បុរសរបស់អូនចំពោះបង និងអ្វីៗគ្រប់យ៉ាងដែលអូនធ្វើដើម្បីបង។ ប្រតិព័ទ្ធរបស់អូនចំពោះបងគឺជាកិត្តិយស និងព្រេងសំណាងដ៏អស្ចារ្យដែលបងទទួលបាន»។

ជាចុងក្រោយ អ្នកឧកញ៉ា គិត ម៉េង បានសរសេរជូនពរភរិយារបស់ខ្លួនក្នុងឱកាសខួបកំណើតថា «សូមឱ្យឆ្នាំនេះនាំមកនូវក្តីស្រទ្បាញ់ ភាពរីករាយឱ្យកាន់តែច្រើនដល់អូន ដូចដែលអូនបានផ្តល់មកឱ្យយើងទាំងអស់គ្នា»៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកអ្នកឧកញ៉ា គិត ម៉េង