អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានចែករំលែកនូវបទពិសោធផ្ទាល់ខ្លួន អំពីការស្វែងរកឱកាសសម្រាប់ខ្លួនឯងក្នុងពេលដ៏លំបាក ដោយកន្លងមក អ្នកឧកញ៉ា ធ្លាប់ត្រូវបានគេមើលរំលងសម្រាប់តួនាទីជាអ្នកដឹកនាំមួយរូប។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៧ ខែវិច្ឆិកា អ្នកឧកញ៉ា ម៉ៅ ចំណាន បានសរសេររៀបរាប់ថា អ្នកឧកញ៉ា នៅតែគិតរហូតមកអំពីតថភាពដ៏សាមញ្ញមួយគឺ «ជីវិតមិនយុត្តិធម៌ទាំងអស់នោះទេ ប៉ុន្តែពោរពេញដោយឱកាស»។ ប៉ុន្តែតថភាពនេះក្លាយជាការពិតបាន លុះត្រាតែយើងរៀនចេះចាប់យកឱកាសដែលលាក់ទុកក្នុងភាពអយុត្តិធម៌នេះ។

អ្នកឧកញ៉ា បានរំលឹកថា «ក្នុងអាជីពការងារដំបូង នាងខ្ញុំត្រូវបានមើលរំលងសម្រាប់តួនាទីជាអ្នកដឹកនាំមួយដែលនាងខ្ញុំខំប្រឹងប្រែងចាប់យក។ ការខកចិត្តជារឿងពិត តែនៅពេលគិតដល់ថា «ហេតុអ្វី» ធ្វើឱ្យនាងខ្ញុំជាប់គាំងមិនអាចទៅមុខរួច។ នៅពេលផ្លាស់ប្ដូរការគិត នាងខ្ញុំបានឃើញនូវឱកាស គឺឱកាសដើម្បីបង្កើគម្រោងរបស់ខ្លួនឯង ដែលផ្ដល់មកនូវស្វ័យភាពបុគ្គល និងការទទួលស្គាល់កាន់តែច្រើនលើសពីការរំពឹងទុក»។

នៅក្នុងការបង្ហោះដដែលនោះ អ្នកឧកញ៉ា ម៉ៅ ចំណាន បានចែករំលែកនូវអ្វីដែលបងប្អូនអាចស្វែងរកឱកាសសម្រាប់ខ្លួនឯងបានក្នុងពេលដ៏លំបាក រួមមាន៖ ១. ប្រសិនបើបងប្អូនត្រូវគេបដិសេធការងារ ឬសម្ភាសការងារមិនជាប់៖ ត្រូវមើលឃើញឱកាសបង្កើតគម្រោងផ្ទាល់ខ្លួន កែលម្អគុណវុឌ្ឍិជាមួយជំនាញថ្មីៗ ឬបង្កើតបណ្ដាញការងារក្រៅពីរង្វង់ទំនាក់ទំនងដែលមានស្រាប់។

២. ប្រសិនបើទំនាក់ទំនងផ្ទាល់ខ្លួនត្រូវបញ្ចប់៖ ត្រូវមើលឃើញឱកាសស្វែងរកចំណុចគួរចាប់អារម្មណ៍របស់ខ្លួនឯងឡើងវិញ ពង្រឹងមិត្តភាពផ្សេងៗ និងរៀនកំណត់ព្រំដែនដែលល្អជាងមុន។ ៣. ប្រសិនបើជួបប្រទះវិបត្តិហរិញ្ញវត្ថុ៖ ត្រូវមើលឃើញឱកាសក្នុងការត្រួតពិនិត្យលើការចំណាយរបស់បងប្អូនឡើងវិញ រកប្រភពចំណូលថ្មី និងអនុវត្តការដោះស្រាយបញ្ហាដោយភាពច្នៃប្រតិដ្ឋ។
ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងដែរថា ភាពអយុត្តិធម៌ជាកត្តាកំណត់ ឱកាសជាឧបករណ៍ ហើយយើងជាអ្នកបង្កើតនូវអ្វីដែលជាអនាគតនៅចំពោះមុខ៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកអ្នកឧកញ៉ា ម៉ៅ ចំណាន


