ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ ចាប់ផ្ដើមគិតគូរលើការ ងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលជាការបើកទំព័រថ្មីសម្រាប់សង្គមជាតិទាំងមូល ដោយនឹងប្រែក្លាយទីប្រជុំជនទាំងអស់ ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល។


ការចាប់ផ្ដើមនេះ គឺបន្ទាប់ពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កាលពីព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥នេះ។

កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងព្រះបរមរាជវាំង ក្រសួងសាធារណៈការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ រដ្ឋបាលខេត្ត មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នាទីស្តីការក្រសួង។
បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តើមចេញពីកិច្ចប្រជុំនាពេលនេះ ក្រសួងទាំងពីរ នឹងប្រែក្លាយទីប្រជុំជនទាំងអស់ ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ដោយមានការឯកភាពគ្នាធ្វើការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី កំណត់តំបន់ពាណិជ្ជកម្ម តំបន់កសិកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ការរៀបចំព្រំប្រទល់រដ្ឋបាលទូទាំងប្រទេស អាសយដ្ឋាន បង្គោលប្រតិភាគដែលជាខឿនសន្តិសុខជាតិ ការរៀបចំរបៀង និងប៉ូលសេដ្ឋកិច្ច ទៅតាមសក្តានុពលតំបន់នីមួយៗ ដោយប្រើប្រាស់អ្វីដែលមាន។
ម្យ៉ាងទៀត ក្រសួងទាំងពីរ ក៏នឹងរៀបចំលំហសាធារណៈ ដោះស្រាយសំណង់មិនរៀបរយ និងអគារចាស់ទ្រុឌទ្រោម ដែលទាំងនេះ គឺជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឆ្លើយតបទៅនឹងដំណើរដ៏ជាក់លាក់របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យប្រជាជនមានជីវិតកាន់តែប្រសើរឡើង និងដើម្បីកម្ពុជាអាចរស់ដោយខ្លួនឯង ប្រកបដោយភាពឯករាជ្យម្ចាស់ការ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងរៀបចំដែនដី