ថ្មីៗនេះ ទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes បានបង្ហាញវត្តមានមហាសេដ្ឋីស្រីវ័យក្មេងបំផុត ដែលរកស៊ីពីបាតដៃទទេ គឺអ្នកនាង Lucy Guo សហស្ថាបនិកក្រុមហ៊ុន Scale AI ដែលមិនសូវមានអ្នកស្គាល់ពីនាងច្រើនឡើយ។


Forbes អះអាងថា ទ្រព្យសម្បត្តិរបស់អ្នកនាង Guo គឺមាន ១,៣ពាន់លានដុល្លារ ដោយសារអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យា AI របស់នាង ហើយបើទោះជាបច្ចុប្បន្ន មហាសេដ្ឋីវ័យក្មេងរូបនេះ ចាកចេញពីក្រុមហ៊ុន Scale AI ក៏ពិតមែន ប៉ុន្តែនាងនៅមានភាគហ៊ុន ៥% នៅក្នុងក្រុមហ៊ុនដដែល។
អ្នកនាង Lucy Guo បានដណ្ដើមតំណែងរបស់កំពូលតារាចម្រៀង Taylor Swift ជាមហាសេដ្ឋីវ័យក្មេងបំផុត ដែលប្រឹងប្រែងរកលុយពីបាតដៃទទេ ពោលតារាចម្រៀង Taylor ក្លាយជាមហាសេដ្ឋីក្នុងអាយុ ៣៥ឆ្នាំ ប៉ុន្តែអ្នកនាង Guo ក្លាយជាកំពូលអ្នកមានត្រឹមអាយុ ៣០ឆ្នាំប៉ុណ្ណោះ។
បន្ទាប់ពីចាកចេញពីក្រុមហ៊ុន Scale AI អ្នកនាង Guo ក៏បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយឈ្មោះថា Passes ដែលជាផ្លេតហ្វមស្រដៀងគ្នា និងកម្មវិធី OnlyFans ប៉ុន្តែមិនមានមាតិកាអាសអាភាសឡើយ។

គេហទំព័រ Forbes អះអាងថា បច្ចុប្បន្ន មហាសេដ្ឋីវ័យក្មេងរូបនេះតែងតែចំណាយពេលនៅទីក្រុង Los Angeles និងទីក្រុង Miami ដោយសារការងារផ្ទាល់ខ្លួន ហើយអ្នកនាង Guo ក៏មានអចលនទ្រព្យតម្លៃខ្ទង់លានដុល្លារនៅទីក្រុងទាំង២ នេះផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ MSN