ថ្ងៃ ២៥ ខែ ៥ ឆ្នាំ ២០២៥ ជាថ្ងៃសិរីមង្គលរបស់គ្រួសារសេដ្ឋី ២ ដែលបានភ្ជាប់សាច់ភ្ជាប់ឈាម និងភ្ជាប់សម្ដីនឹងគ្នា។ ដោយកូនប្រុសអ្នកឧកញ៉ា ឡេង ហួរ នាំចាស់ទុំចូលស្ដីដណ្ដឹងកូនក្រមុំថៅកែផលិតកម្មថោន លោក វ៉ា សុធា។


កូនក្រមុំលោក វ៉ា សុធា ម្ចាស់ទូរទស្សន៍ និងផលិតផលថោន កញ្ញា វ៉ា ដាណា និងកូនកំលោះអ្នកឧកញ៉ា ឡេង ហួរ ឈ្មោះ ឡេង ស្រ៊ួយហាក់ ដែលមានគោរមងារជាជាឧកញ៉ាដែរ។ កម្មវិធីដ៏គគ្រឹកគគ្រេង និងមានការចូលរួមពីសំណាក់អ្នកជំនួញធំៗជាច្រើន បានញ៉ាំងបរិយាកាសកាន់តែមានន័យថែមទៀត។

អនាគតកូនក្រមុំ និងកំលោះដែលមកពីត្រកូលអភិជនគូនេះ បានរៀបចំខ្លួនយ៉ាងស្រស់បំព្រង នាថ្ងៃសិរីមង្គលពិធីភ្ជាប់ពាក្យអ្នកទាំង២។ ក្នុងនោះក្រុមគ្រួសារទាំងសងខាង ក៏បានស្លៀកពាក់បែបឈុតប្រពៃណី និងអមដោយគ្រឿងអលង្ការភ្លឺចិញ្ចែងចិញ្ចាចតែម្ដង។

កម្មវិធីបែបប្រពៃណីរបស់កូនស្រីម្ចាស់ផលិតកម្មថោន និងកូនប្រុសអ្នកឧកញ៉ា ឡេង ហួរ បានរៀបចំឡើងនៅគេហដ្ឋានរបស់លោក វ៉ា សុធា ផ្ទាល់៕


អត្ថបទ៖ មេរ៉ា, រូបភាព៖ Va Sothea