លោកស្រី ជា សិរី ទទួលពានរង្វាន់ពីសាកលវិទ្យាល័យអូស្រ្តាលី បញ្ជាក់ពីសមិទ្ធផល​លេចធ្លោ​ក្នុង​ការ​ប្រើប្រាស់​ចំណេះ​ជំនាញ​ពី​ការ​សិក្សា

លោកស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​នៃកម្ពុជា ទទួល​បាន​ពាន​រង្វាន់​អតីត​និស្សិត​កិត្តិយស ពី​សាកលវិទ្យាល័យ Adelaide The University of Adelaide របស់​ប្រទេស​អូស្ត្រាលី ដែល​បញ្ជាក់​ពី​ការ​ទទួល​ស្គាល់​សមត្ថភាព និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ស្រីក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ និង​សេដ្ឋកិច្ច​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

គណៈ​គ្រប់គ្រងនៃ​សាកលវិទ្យាល័យ​បាន​ផ្ដល់​ពាន​រង្វាន់​នេះ​ជូន​និស្សិត​អន្តរជាតិ​ឆ្នើម​ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ និង​សម្រេច​សមិទ្ធផល​លេចធ្លោ​ក្នុង​ការ​ប្រើប្រាស់​ចំណេះ​ជំនាញ​ពី​ការ​សិក្សា ដើម្បី​អភិវឌ្ឍ​សង្គម​ជាតិ ព្រម​ទាំង​បាន​បង្ហាញ​គំរូ​វីរភាព​ល្អ​សម្រាប់​បំផុស​គំនិត​វិជ្ជមាន ដល់​យុវជន​ជំនាន់​ក្រោយ។

ក្នុង​ឱកាស​ទទួល​ពាន​រង្វាន់​នេះ លោកជំទាវបណ្ឌិតបាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹកនាំ ក៏​ដូចជា​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ Adelaide ដែល​បាន​ទទួលស្គាល់​សមិទ្ធផល​ការងារ​លោកស្រី ព្រម​ទាំង​ថ្លែង​អំណរគុណ​ដល់​សាស្ត្រាចារ្យ​ណែនាំ ​បាន​ចូលរួម​ផ្ដល់​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ឲ្យ​ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា និង​ការ​រីកចម្រើន​ក្នុង​អាជីព​វិជ្ជាជីវៈ។

លោកជំទាវ​បណ្ឌិត ជា សិរី បាន​សម្រេច​ស្នាដៃ​ការងារ​លេចធ្លោ​ជាច្រើន ហើយ​តែង​បាន​ទទួល​ការ​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​ចែករំលែក​ចំណេះ​ដឹង និង​បទពិសោធន៍​លើ​ឆាក​អន្តរជាតិ​ជាច្រើន។ បន្ថែម​លើ​នេះ លោកស្រី​តែង​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច សម្រាប់​ស្ត្រី ដើម្បី​ជំរុញ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជុំវិញ​ពិភពលោក។

ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជារូប​នេះ ​បាន​បញ្ចប់​ការ​សិក្សា និង​ទទួល​បាន​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​ទស្សនវិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (Doctor of Philosophy in Economics) ពី​សាកលវិទ្យាល័យ Adelaide ក្នុង​ឆ្នាំ ២០២១ ដោយ​ផ្ដោត​លើ​ការ​សិក្សា​ស្រាវជ្រាវ​ពី​ឥទ្ធិពល​នៃ​បរិយាបន្ន​ហិរញ្ញវត្ថុ និង​សេរី​ភាវូនីយកម្ម​លើ​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាស៊ាន៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ National Bank of Cambodia