នាវាផ្ទាល់ខ្លួនខ្នាតយក្ស ដែលមានឈ្មោះថា Opera កំពុងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួមវិញ ខណៈនាវាមួយគ្រឿងនោះ គឺជាកម្មសិទ្ធរបស់សមាជិករាជវង្ស និងជារដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Abdullah bin Zayed Al Nahyan។
គេហទំព័រ Luxurylaunches បានចុះផ្សាយថា នាវា Opera ដែលមានប្រវែង ១៤៥ម៉ែត្រ ត្រូវបានម្ចាស់របស់វាចំណាយលុយចន្លោះពី ៤០ ទៅ ៥០លានដុល្លារ ទៅលើការមើលថែទាំនាវាក្នុងមួយឆ្នាំៗ។
តម្លៃរបស់នាវាដ៏ប្រណីតនេះ ត្រូវបានគេសន្មត់ថាមានតម្លៃប្រហែល ៤៥០លានដុល្លារ និងមានសមត្ថភាពអាចផ្ទុកភ្ញៀវចំនួន ៤៨នាក់ ជាមួយបន្ទប់គេងដ៏ស្រស់ស្អាត ២៤បន្ទប់។ វាថែមទាំងមានចំណតឧទ្ធម្ភាគចក្រ ចំនួន២ មានអាងហែលទឹកលើនាវា ២ មានបន្ទប់ម៉ាស្សាខ្នាតអន្តរជាតិ រហូតជាប់ឈ្មោះថា ជានាវាដ៏ប្រណីតមានគ្រប់សព្វនៅលើនោះ។
គួរជម្រាបដែរថា នាវា Opera កំពុងធ្វើដំណើរមកកាន់ប្រទេសអារ៉ាប់រួមវិញ ក្រោយបញ្ចប់ដំណើរកម្សាន្តរយៈពេល ៦ខែលើផ្ទៃសមុទ្រ និងបានចាក់ប្រេងប្រហែល ៥០០តោន សរុបជាសាច់ប្រាក់ ៧០០ ០០០ដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ LuxuryLaunches