ម្ចាស់បុរី KC ព្រែកព្នៅ និង KK The Residence ដែលមហាជនស្គាល់ថាជាអ្នកឧកញ៉ា គឹម សុខអេង ទើបទទួលបានការតែងតាំងថ្មីនៅ JCI ឬសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា។ អ្នកជំនួញដែលមានប្រភពពីខេត្តកំពង់ចាមរូបនេះ បានបោះឆ្នោតជាប់ Local President Elect of JCI Mekong។ នេះបើតាមទំព័រហ្វេសប៊ុក JCI Cambodia ។
តាមការបង្ហោះឲ្យដឹងពី JCI បានបញ្ជាក់ថា អ្នកឧកញ៉ា គឹម សុខអេង វិនិយោគិនល្បី ជាក្រុមប្រឹក្សាភិបាលម្នាក់ ដែលទើបជាប់ឆ្នោតថ្មី ក្នុងចំណោមក្រុមប្រឹក្សាភិបាល ៦ រូប ដោយទទួលបានការទុកចិត្ត ជាអ្នកមានភាពដឹកនាំ នឹងផ្ដល់អំណាចដល់មនុស្សជំនាន់ក្រោយ ដើម្បីឈានទៅដល់សក្ដានុពលពេញលេញរបស់ពួកគេ ហើយរួមចំណែកដល់អនាគតដ៏ភ្លឺស្វាងដល់សហគមន៍។
អតីតនិស្សិតសាកលវិទ្យាល័យ ន័រតុន រូបនេះ ចាប់ផ្ដើមធ្វើការងារតាំងពីនៅជានិស្សិតឆ្នាំទី២ ម្លេះ ហើយចប់បរិញ្ញាបត្រភ្លាម លោកក៏បានចាប់ផ្ដើមអាជីពផ្នែកគូរប្លង់ ក្រោយៗមកទៀតក៏បានបើកក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ វិនិយោគអចលនទ្រព្យ និងអភិវឌ្ឍន៍បុរីដោយខ្លួនឯងវិញម្តង។
ម្ចាស់បុរី ខេស៊ី (Borey KC) រូបនេះជាអ្នករកស៊ីម្នាក់ដែលមានភាពស្ងប់ស្ងាត់ក្នុងបង្ហាញជាសាធារណៈ ឬបណ្ដាញសង្គម។ ប៉ុន្តែក្រឡេកទៅមើលនៅក្រៅប្រទេសវិញ អ្នកឧកញ៉ារូបសង្ហា ក៏ជាអ្នកដែលដើរកៀរគរវិនិយោគបរទេស មកបណ្ដាក់ទុននៅកម្ពុជាមួយរូបផងដែរ។
បច្ចុប្បន្នលោកក៏សមាជិកសមាគមឧកញ៉ាកម្ពុជា សមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាជិកសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
អ្នកឧកញ៉ា គឹម សុខអេង ជាអ្នកអភិវឌ្ឍន៍បុរី KK The Residence 598 ដ៏ល្បីឈ្មោះ និងជាប់ជាប្រធានសភាយុវពាណិជ្ជករអន្តរជាតិ JCI។ ថ្មីៗនេះទៀតសោតសេដ្ឋីវ័យក្មេងក៏ទើបត្រូវបានសាកលវិទ្យាល័យ Malaysia – South India បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកធុរកិច្ច ជូនសាស្ត្រាចារ្យ Dato Sri Dr គឹម សុខអេង ដែលពិធីប្រគល់នោះ ធ្វើឡើងនៅប្រទេសសិង្ហបុរី៕
អត្ថបទ៖ មេរ៉ា, រូបភាព Kim Sok Eng