ប្រធានាធិបតីអាមេរិកទី៤៤ ចេញមុខជួយអ្នកស្រីកាម៉ាឡា ហារីស ឃោសនារកសន្លឹកឆ្នោត

ប្រធានាធិបតីអាមេរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា បានចេញមុខជួយអ្នកស្រី កាម៉ាឡា ហារីស ផ្សព្វផ្សាយ និងឃោសនារកសន្លឹកឆ្នោត នៅមុនព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មី នាដើមខែវិច្ឆិកាខាងមុខ។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីគេហទំព័រ FirstPost បានឲ្យដឹងថា លោក អូបាម៉ា បានបង្ហាញខ្លួននៅក្នុងជំនួបអ្នកគាំទ្រ របស់អ្នកស្រីហារីស នៅក្នុងទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania កាលពីសប្ដាហ៍មុន។

ក្នុងព្រឹត្តិការណ៍មួយនោះ អតីតប្រធានាធិបតីរូបនេះ បានអំពាវនាវឲ្យប្រជាជនអាមេរិក ជាពិសេសគឺបុរសៗ ធ្វើការបោះឆ្នោតគាំទ្រអ្នកស្រីហារីស និងបានរិះគន់មិនសំចៃមាត់ទៅលើមហាសេដ្ឋី ដូណាល់ ត្រាំ។

លោក អូបាម៉ា បានហៅលោកត្រាំថា ជាមហាសេដ្ឋីអាត្មានិយម ដែលគិតតែពីផលប្រយោជន៍ខ្លួនឯង និងចូលចិត្តប្រើកម្លាំងបាយ ដោះស្រាយបញ្ហា ជាជាងការប្រើមធ្យោបាយការទូតផ្សេងៗ។

ការចេញមុខជួយរកសន្លឹកឆ្នោត ទៅដល់អ្នកស្រីកាម៉ាឡា ហារីស របស់អតីតមេដឹកនាំអាមេរិករូបនេះ ក៏ទទួលរងការរិះគន់ពីសំណាក់ប្រជាជនអាមេរិកស្បែកខ្មៅ ដែលជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋផងដែរ ដោយពួកគេអះអាងថា លោក អូបាម៉ា កាន់ជើងអ្នកស្រី ហារីស ដោយសារតែពួកគេជាជនជាតិស្បែកខ្មៅដូចគ្នា៕