មហាសេដ្ឋីមានបំផុតនៅអឺរ៉ុប ខាតលុយ ១៣ពាន់លានដុល្លារ ដោយសារស្ថានភាពទីផ្សារចិន

កំពូលអ្នកមានបំផុតនៅបារាំង លោក Bernard Arnault បានរបូតលុយពីហៅប៉ៅ រាប់ពាន់លានដុល្លារនៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីស្ថានភាពទីផ្សារនៅប្រទេសចិន កំពុងស្ថិតក្នុងសភាពស្រពិចស្រពិល និងហាក់មានកំណើនយឺត បើទោះជាមានការលូកដៃជួយពីរដ្ឋាភិបាល។

តាមដានជាមួយយើង៖ Million Times

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ទិន្នន័យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានដាច់គេនៅអឺរ៉ុបរូបនេះ មានការប្រែប្រួលជាញឹកញាប់ ដោយសារតែភាពផ្លាស់ប្ដូរនៃស្ថានភាពទីផ្សារនៅប្រទេសចិន។

ដោយសារមានទីផ្សារធំនៅប្រទេសចិន ចំពេលស្ថានភាពសេដ្ឋកិច្ចនៅទីនោះមិនសូវអំណោយផលផង បានធ្វើឲ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុន LVMH បានបន្តធ្លាក់ចុះដល់ ៧% និងបានធ្វើឲ្យកំពូលអ្នកមាននៅបារាំងរូបនេះ ខាតបង់លុយរហូតដល់ ១៣ពាន់លានដុល្លារ។

ប្រទេសចិន គឺជាប្រភពចំណូលធំបំផុតមួយរបស់ក្រុមហ៊ុន LVMH ដោយសារតែក្រុមហ៊ុននេះ ផ្ដោតសំខាន់លើការលក់ផលិតផលប្រណីតៗ និងមានអតិថិជនគោលដៅ គឺជាអភិជន ស្របពេលប្រជាជនចិន មានទំនោរស្រលាញ់ និងប្រើប្រាស់របស់របរស៊ីវិល័យ។

ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ អត្រាលក់សម្ភារៈនិយមរបស់ក្រុមហ៊ុន LVMH លើទីផ្សារចិន មានការថមថយជាបន្តបន្ទាប់ ដោយសារការរីកលូតលាស់នៃក្រុមហ៊ុនសម្ភារៈនិយមនៅក្នុងស្រុក ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចនៅចិន មិនសូវអំណោយផលដល់ការចំណាយលុយ ទិញសម្ភារៈស៊ីវិល័យថ្លៃៗផង ទើបធ្វើឲ្យក្រុមហ៊ុនមហាសេដ្ឋីបារាំង ទទួលរងការខាតបង់ជាញឹកញាប់៕