ក្រុមហ៊ុនជីករ៉ែធំបំផុតនៅចិន ត្រៀមចាយលុយ ២៤ពាន់លានដុល្លារ វិនិយោគលើគម្រោងកែច្នៃប្រេងឥន្ធនៈ

ក្រុមហ៊ុនជីករ៉ែធ្យូងថ្មធំបំផុតនៅចិន China Energy Investment Corp. បានប្រកាសកាលពីថ្ងៃទី១០ ខែតុលាថា ពួកគេកំពុងមានគម្រោងចំណាយប្រាក់ ១៧០ពាន់លានយ៉ន់ ឬប្រហែល ២៤ពាន់លានដុល្លារ លើគម្រោងកែច្នៃប្រេងឥន្ធនៈ ចេញពីធ្យូងថ្ម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីគេហទំព័រ Bloomberg បានបង្ហាញថា ផែនការរបស់ក្រុមហ៊ុនចិននេះ គឺនឹងសាងសង់រោងចក្រចម្រាញ់ប្រេងមួយ នៅភាគពាយ័ព្យនៃខេត្ត Xinjiang ដែលអាចមានសមត្ថភាពចម្រាញ់ប្រេងឥន្ធនៈ ចេញពីធ្យូងថ្ម ខណៈថាមពលដែលត្រូវយកមកប្រើប្រាស់ក្នុងរោងចក្រ គឺធានាបានថា ជាថាមពលកកើតឡើងវិញទាំងស្រុង។

គួររំលឹកបន្តិចថា ប្រទេសចិន គឺជាអ្នកផលិតធ្យូងថ្មធំបំផុតលើលោក ដោយមានសមត្ថភាពផលិតបាន ៤,៧ពាន់លានតោនកាលពីឆ្នាំទៅ ក៏ប៉ុន្តែការប្រើប្រាស់ធ្យូងថ្ម ដើម្បីបង្កើតនូវថាមពលអគ្គិសនី បានធ្វើឲ្យប្រទេសមួយនេះជាប់ឈ្មោះជា អ្នកបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតច្រើនបំផុតលើលោកផងដែរ។

ដើម្បីដោះស្រាយបញ្ហាមួយនេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវគោលនយោបាយ កាត់បន្ថយការបញ្ចេញឧស្ម័នពុល នៅឆ្នាំ២០២៦ ដោយអំពាវនាវឲ្យមានការចម្រាញ់ប្រេងចេញពីធ្យូងថ្ម និងប្រើប្រាស់ថាមពលកកើតឡើងវិញ ជំនួសឲ្យការដុតធ្យូងរាប់លានតោនក្នុងមួយឆ្នាំៗ។

ក្រោយការអំពាវនាវរបស់រដ្ឋាភិបាល ក្រុមហ៊ុនជីករ៉ែធំៗក្នុងស្រុកជាច្រើន ចាប់ផ្ដើមផែនការចម្រាញ់ប្រេងចេញពីធ្យូងថ្ម ដោយរោងចក្រនៅទីក្រុង Hami ក្នុងខេត្ត Xinjiang តែមួយអាចមានសមត្ថភាព ប្រើប្រាស់ធ្យូង ១៥២លានតោន ដើម្បីចម្រាញ់ចេញជាប្រេងឥន្ធនៈក្នុងមួយឆ្នាំៗ៕