អ៊ុយក្រែន ដំឡើងពន្ធសំខាន់ៗលើកដំបូងរំពឹងទទួលចំណូលជាង១ពាន់លានដុល្លារនៅឆ្នាំក្រោយ

នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះសភាអ៊ុយក្រែន បានអនុម័តការដំឡើងពន្ធសំខាន់ៗ ជាលើកដំបូង ចាប់តាំងពីសង្រ្គាមជាមួយរុស្ស៊ីបានផ្ទុះឡើង កាលពីឆ្នាំ២០២២។ 

ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយថា ការដំឡើងពន្ធនេះ មានគោលបំណងពង្រឹងហិរញ្ញវត្ថុរបស់ប្រទេស និងផ្តល់មូលនិធិដល់កងទ័ពអ៊ុយក្រែន។

តាមដានជាមួយយើង៖ Million Times

ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន និយាយថា កម្រិតពន្ធបច្ចុប្បន្នមិនគ្រប់គ្រាន់ ដើម្បីគ្របដណ្តប់ការចំណាយលើវិស័យការពារជាតិ ដែលបានកើនឡើងចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ ការដំឡើងពន្ធនេះ នឹងនាំមកនូវប្រាក់ចំណូលបន្ថែមជាង ២០០លានដុល្លារ សម្រាប់ថវិកាជាតិនៅឆ្នាំ២០២៤ និងជាង ១ពាន់លានដុល្លារ នៅឆ្នាំក្រោយ។

ទោះបីជាមានការដំឡើងពន្ធក៏ដោយ អ៊ុយក្រែននៅតែត្រូវការជំនួយហិរញ្ញវត្ថុ ពីបរទេស ដើម្បីរក្សាតុល្យភាពថវិការបស់ខ្លួន។ ក្រសួងហិរញ្ញវត្ថុនិយាយបន្តថា ជំនួយបរទេស គឺមានសារៈសំខាន់ សម្រាប់ការចំណាយមិនមែនយោធា ដូចជាប្រាក់សោធននិវត្តន៍ ប្រាក់ខែរដ្ឋ និងការចំណាយសង្គមផ្សេងៗទៀត។

គួរឲ្យដឹងថា ច្បាប់ពន្ធថ្មីនេះ រួមបញ្ចូលទាំងការដំឡើងពន្ធសង្រ្គាម ពន្ធលើប្រាក់ចំណូលសហគ្រិន និងអាជីវកម្មខ្នាតតូច ពន្ធលើប្រាក់ចំណេញរបស់ធនាគារ និងក្រុមហ៊ុនហិរញ្ញវត្ថុ។ ច្បាប់នេះ នឹងចូលជាធរមាន បន្ទាប់ពីប្រធានាធិបតី Volodymyr Zelenskiy ចុះហត្ថលេខាតទៅ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters