ក្រុមហ៊ុនចិន២ គ្រោងច្របាច់បញ្ចូលគ្នា ប្រកួតប្រជែងលើផ្សារហ៊ុន ជាមួយក្រុមហ៊ុនលោកខាងលិច

នាថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ក្រុមហ៊ុន Guotai Junan Securities Co. និងក្រុមហ៊ុន Haitong Securities Co. បានប្រកាសពីផែនការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា បង្កើតជាក្រុមហ៊ុនថ្មី ដែលមានទ្រព្យសកម្ម ២២៦ពាន់លានដុល្លារ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនលោកខាងលិច កំពុងមានវត្តមាននៅលើទីផ្សារហ៊ុនប្រទេសចិន។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីគេហទំព័រ Bloomberg បានបង្ហាញថា កិច្ចព្រមព្រៀងមួយនេះបានលេចចេញជារូបរាង បន្ទាប់ពីមានការអំពាវនាវពីមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង ស្នើឲ្យធនាគារ និងក្រុមហ៊ុនវិនិយោគធំៗជាច្រើន បង្កើនការប្រកួតប្រជែង ជាមួយក្រុមហ៊ុនលោកខាងលិច ដែលកំពុងដណ្ដើមទីផ្សារហ៊ុននៅក្នុងប្រទេសរបស់ខ្លួន។

បើសិនជារដ្ឋាភិបាលយល់ព្រមសំណើច្របាច់បញ្ចូលក្រុមហ៊ុនទាំង២នេះ ក្រុមហ៊ុន Haitong នឹងត្រូវដកខ្លួនពីផ្សារហ៊ុនសៀងហៃ និងហុងកុង ខណៈក្រុមហ៊ុនថ្មី នឹងលេចចេញជារូបរាងក្រោមឈ្មោះថ្មី រចនាសម្ព័ន្ធថ្មី ហើយវានឹងចាប់ផ្ដើមបញ្ចេញភាគហ៊ុនលើផ្សារហ៊ុនអន្តរជាតិធំៗដូចជា ហុងកុង សិង្ហបុរី ញ៉ូវយ៉ក តូក្យូ ម៉ុមបៃ និង London ជាដើម។

អំឡុងពេលរង់ចាំសេចក្ដីសម្រេចពីរដ្ឋាភិបាល ក្រុមហ៊ុន Guotai Junan ក៏កំពុងប្រមែប្រមូលដើមទុនបន្ថែម ដើម្បីត្រៀមសងបំណុលសេសសល់ និងការចំណាយសម្រាប់ការរួមបញ្ចូលក្រុមហ៊ុននេះ តាមរយៈការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ Asset Management Co ប្រហែល ៦២៦លានហ៊ុន ដើម្បីគៀងគរទឹកប្រាក់ជិត ១,៥ពាន់លានដុល្លារផងដែរ៕