ថៃពិចារណាទិញថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀតពីប្រជាជនដែលមានបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើដំបូល

មន្ត្រីថាមពលថៃ បាននិយាយថា អាជ្ញាធរកំពុងពិចារណាទិញថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀតពីគ្រួសារមានបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើដំបូល ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ថាមពលស្អាត និងបង្កើនការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើដំបូល។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

គណៈកម្មាធិការគ្រប់គ្រងគោលនយោបាយជាតិថាមពល បានអនុម័តផែនការទិញថាមពលពន្លឺព្រះអាទិត្យសរុបចំនួន ៩០មេហ្គាវ៉ាត់ពីម្ចាស់ផ្ទះ ក្រោមគម្រោងទិញរយៈពេលវែងដែលដំណើរការពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។
ការអំពាវនាវនាពេលថ្មីៗនេះ ដើម្បីលើកទឹកចិត្តកាន់តែច្រើនឱ្យប្រជាជនប្រើថាមពលពន្លឺព្រះអាទិត្យ។

តាមដានជាមួយយើង៖ Million Times

មន្រ្តីបាននិយាយថា មធ្យោបាយមួយដើម្បីលើកទឹកចិត្តប្រជាជនឱ្យដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើដំបូលគឺអនុញ្ញាតឱ្យពួកគេលក់អគ្គិសនីទៅបណ្តាញរបស់រដ្ឋ ប្រសិនបើពួកគេបង្កើតថាមពលលើសពីតម្រូវការ។
មន្ត្រីនិយាយបន្តថា “យើងរំពឹងថាអាជ្ញាធរនឹងបង្កើនបរិមាណថាមពលពន្លឺព្រះអាទិត្យដែលបានទិញពីគ្រួសារដល់ជាង ៩០មេហ្គាវ៉ាត់ ស្របតាមគោលនយោបាយ”។

មន្រ្តីដដែលបាននិយាយបន្ថែមថា ការផ្លាស់ប្តូរដើម្បីបង្កើនបរិមាណទិញក៏ត្រូវបានគាំទ្រដោយផែនការអភិវឌ្ឍន៍ថាមពលថ្មី (PDP) ដែលលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញកាន់តែច្រើន។ នៅក្រោម PDP ដែលគ្រោងនឹងអនុវត្តពីឆ្នាំនេះដល់ឆ្នាំ២០៣៧ ថាមពលកកើតឡើងវិញគួរតែមាន ៥១% នៃការប្រើប្រាស់ប្រេងឥន្ធនៈសរុបនៅឆ្នាំ២០៣៧ កើនឡើងពី ២០% នៅចុងឆ្នាំមុន ខណៈដែលធ្យូងថ្ម និងឧស្ម័នថយចុះមក ៤៨% ធ្លាក់ចុះពីជិត ៨០% នៅដើមឆ្នាំនេះ។ ១% ផ្សេងទៀតបានមកពីថាមពលនុយក្លេអ៊ែរ និងដំណោះស្រាយថាមពលថ្មី ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងការសន្សំសំចៃអគ្គិសនី។

ថាមពលពន្លឺព្រះអាទិត្យ ដែលជាប្រភពថាមពលកកើតឡើងវិញដ៏សំខាន់នៅក្នុងផែនការនេះ កើនឡើងដល់ 24,412MW នៅឆ្នាំ២០៣៧ ពោលគឺកើនឡើងពី 2,863MW កាលពីដើមឆ្នាំនេះ។ យោង​តាម​ក្រសួង​ថាមពល បាន​កំណត់​តម្លៃ​ថាមពល​សម្រាប់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​បាន​ទិញ​ពី​គ្រួសារ​ក្នុង​តម្លៃ​ជា​មធ្យម ២,២ បាត​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។

នាយកដ្ឋានអភិវឌ្ឍន៍ និងប្រសិទ្ធភាពថាមពលជំនួស កំពុងជំរុញគម្រោងកាត់បន្ថយពន្ធថ្មីសម្រាប់អ្នកដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យលើដំបូល ក្នុងគោលបំណងជំរុញការប្រើប្រាស់ថាមពលស្អាត។ គម្រោង​នេះ​គ្រោង​នឹង​ផ្តល់​សិទ្ធិ​ពន្ធ​ដល់ ៩០,០០០គ្រួសារ​នៅ​ចន្លោះ​ឆ្នាំ២០២៤ ដល់​ឆ្នាំ២០២៧។

ពាក់ព័ន្ធនឹងរឿងនេះ ក្រុមហ៊ុន New Energy Plus Solutions Co ដែលជាអ្នកចែកចាយបន្ទះសូឡាក្នុងស្រុកបាននិយាយថា ខ្លួនយល់ស្របជាមួយនឹងគម្រោងកាត់បន្ថយពន្ធជាឧបករណ៍មួយដើម្បីជួយកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត។

អត្ថបទ៖ សារ៉ាយ រូបភាព៖ New Energy Plus Solutions