ក្រុមហាម៉ាសថាគ្មានអ្នកណាក្រៅពីអាមេរិកទេដែលបញ្ជាឱ្យអ៊ីស្រាអែលសម្លាប់មេដឹកនាំខ្លួន

សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាសបាននិយាយនៅថ្ងៃពុធនេះថា គ្មានអ្នកណាក្រៅពីសហរដ្ឋអាមេរិកនោះទេដែលហ៊ានបញ្ជាឱ្យអ៊ីស្រាអែលបើកការវាយប្រហារសម្លាប់មេដឹកនាំរបស់ខ្លួនគឺលោក Ismail Haniyeh ។

លោក Mousa Abu Marzook បានថ្លែងប្រាប់សារព័ត៌មានរុស្ស៊ី Sputnik ថា “អាមរិកគឺជាអ្នកនៅពីក្រោយខ្នងនៃការលួចធ្វើឃាតលើមេដឹកនាំរបស់យើងនៅក្នុងរដ្ឋធានីតេហេរ៉ង់ប្រទេសអ៊ីរ៉ង់ ។ យើងសូមថ្កោលទោសការធ្ចើឃាតនេះថាជា “សកម្មភាពដ៏កំសាក” និងមិនអាចអត់ឱនបាន” ។

ទន្ទឹមនោះ ក្រុមចលនាប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះក៏ប្ដេជ្ញានឹងមិនឱ្យអាមេរិក និងអ៊ីស្រាអែលដេកលក់ស្រួលផងដែរ ពោលនឹងបើកការវាយប្រហារសងសឹកដោយមិនចាំមានសំណួរចម្លើយនោះទេ ដើម្បីឱ្យសមនឹងទង្វើរដែលកើតមានឡើងនៅពេលនេះ ។

តាមដានជាមួយយើង៖ Million Times

ការវាយឆ្មក់ធ្វើឃាតលើលោក Ismail Haniyeh កើតមានឡើងក្នុងលំនៅដ្ឋានមួយកន្លែងនៅរដ្ឋធានីតេហេរ៉ង់ ជាទីដែលមេដឹកនាំក្រុមហាម៉ាសរូបនេះចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក Masoud Pezeshkian ជាប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ ។

បុរសវ័យ ៦២ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាជាអ្នកសម្របសម្រួលដ៏មានឥទ្ធិពលដើម្បីបញ្ចប់សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដែលរហូតមកដល់ពេលនេះបានអូសបន្លាយពេលជិត ១ ឆ្នាំទៅហើយ ។

ទន្ទឹមនោះ លោក Ismail Haniyeh ក៏​ធ្លាប់​ធ្វើ​ជា​​នាយករដ្ឋមន្ត្រី​ប៉ាឡេស្ទីនផងដែរក្នុង​ឆ្នាំ ​២០០៦ ក្រោយ​ក្រុម​ហាម៉ាស​បាន​ឈ្នះ​ការ​បោះឆ្នោតសកល ប៉ុន្តែនៅឆ្នាំបន្ទាប់ លោកត្រូវបានដកអំណាចវិញ បន្ទាប់ពីសមាជិកក្រុមហាម៉ាសមើលមុខគ្នាមិនចំជាមួយបក្សលោកប្រធានាធិបតី​​ប៉ាឡេស្ទីន​ Mahmoud Abbas ៕

បកប្រែ ៖ ទីន