ក្រុមហ៊ុនប្រេង និងឧស្ម័ន BP បង្កើនប្រាក់ចំណេញប្រចាំត្រីមាសចំនួន ២.៨ពាន់លានដុល្លារ

ក្រុមហ៊ុន BP បង្ហាញរបាយការណ៍ថ្មីបានបង្កើនភាគលាភរបស់ខ្លួន និងពង្រីកការទិញភាគហ៊ុនរបស់ខ្លួនឡើងវិញកាលពីថ្ងៃអង្គារ ខណៈដែលប្រាក់ចំណេញនៅត្រីមាសទីពីរមានចំនួន ២.៧៦ពាន់លានដុល្លារ ជាមួយនឹងការលក់រាយកាន់តែខ្លាំងនៃប្រេងនិងឧស្ម័ន។

លទ្ធផលនេះទំនងជានឹងបន្ធូរបន្ថយសម្ពាធមកលើលោក Murray Auchincloss នាយកប្រតិបត្តិ បន្ទាប់ពី BP បានធ្លាក់ចុះពីការរំពឹងទុកប្រាក់ចំណេញនៅក្នុងត្រីមាសពីរមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ជនជាតិកាណាដាដែលអាយុ ៥៣ឆ្នាំលោក Murray Auchincloss ដែលបានចូលកាន់តំណែងកាលពីខែមករា បានប្តេជ្ញាកែប្រែប្រតិបត្តិការរបស់ BP និងផ្តោតលើប្រាក់ចំណេញច្រើនបំផុតដែលភាគច្រើនជាប្រេងនិងឧស្ម័ន។

តាមដានជាមួយយើង៖ Million Times

នៅក្នុងសញ្ញានៃការផ្លាស់ប្តូរពីយុទ្ធសាស្ត្ររបស់លោក Bernard Looney ដែលជាអ្នកកាន់តំណែងមុន ក្នុងការបង្កើនថាមពលកកើតឡើងវិញ និងកាត់បន្ថយទិន្នផលឥន្ធនៈហ្វូស៊ីល BP បាននិយាយថា ខ្លួនបានផ្តល់ភ្លើងខៀវដល់ការអភិវឌ្ឍន៍អណ្តូងប្រេង Kaskida នៅឈូងសមុទ្រសហរដ្ឋអាមេរិក ដែលជាគម្រោងស្មុគស្មាញខ្លាំងក្នុងទម្រង់ភូមិសាស្ត្រជ្រៅ។

ផែនការនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិតកម្មនៅឆ្នាំ២០២៩ និងមានសមត្ថភាពប្រេង ៨០,០០០ បារ៉ែលក្នុងមួយថ្ងៃ។ ក្រុមហ៊ុនក៏បានប្រកាសថាខ្លួននឹងបន្តអភិវឌ្ឍគម្រោងអ៊ីដ្រូសែនកាបូនទាបនៅឯរោងចក្រចម្រាញ់ Castellon របស់ខ្លួនក្នុងប្រទេសអេស្ប៉ាញផងដែរ។

ជម្រាបជូនថា ភាគហ៊ុន BP បានកើនឡើង ១.៨៥% បើធៀបនឹងការកើនឡើង ០.៣៥% លើសន្ទស្សន៍ថាមពលអឺរ៉ុបដែលកើនខ្លាំងនាពេលថ្មីៗនេះ។ Auchincloss បាននិយាយនៅក្នុងបទបង្ហាញរបស់អ្នកវិភាគដែលបានបង្ហោះតាមអ៊ីនធឺណិតថា BP កំពុងធ្វើការឱ្យលើសពីគោលដៅរបស់ខ្លួនដើម្បីកាត់បន្ថយការចំណាយប្រចាំឆ្នាំចំនួន ២ពាន់លានដុល្លារនៅចុងឆ្នាំ២០២៦។

BP បានបង្កើនភាគលាភរបស់ខ្លួនពី ១០% ទៅ ៨សេនក្នុងមួយហ៊ុនពី ៧.២៧សេន ស្របតាមការរំពឹងទុករបស់អ្នកវិភាគដោយផ្អែកលើទិន្នន័យ LSEG ។ វាក៏បានរក្សាអត្រានៃកម្មវិធីទិញភាគហ៊ុនរបស់ខ្លួនវិញចំនួន ១.៧៥ ពាន់លានដុល្លារក្នុងរយៈពេលបីខែខាងមុខ និងនៅតែប្តេជ្ញាចិត្តក្នុងការទិញភាគហ៊ុនសរុបចំនួន ១៤ពាន់លានដុល្លារនៅឆ្នាំនេះ និងឆ្នាំបន្ទាប់់៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters