មន្ត្រីជាន់ខ្ពស់សភាចិន កត់សម្គាល់ថា រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស និងមានភាពស្រស់ស្អាត

មន្ត្រីជាន់ខ្ពស់ នៃសភាតំណាងប្រជាជនចិន បានកត់សម្គាល់ថា រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត។ ការកត់សម្គាល់យ៉ាងដូច្នេះ គឺខណៈដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី ២២​ ខែឧសភានេះ បានអនុញ្ញាតលោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

តាមដានជាមួយយើង៖ Million Times

នៅក្នុងជំនួបលោក Shohrat Zakir  បានកត់សម្គាល់ឃើញថា កម្ពុជា ជាពិសេស រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត។​ លោក Shohrat Zakir ក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា។ ចំណងមិត្តភាពនេះ បានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និងកាន់តែជំរុញកិច្ចសហប្រតិបត្តិការ នៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឲ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ ប្រកបដោយគុណភាព កម្រិត និងស្ដង់ដារខ្ពស់។

មន្ត្រីជាន់ខ្ពស់ នៃសភាតំណាងប្រជាជនចិន បានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចរបស់លោកនាឱកាសនេះ គឺដើម្បីរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមានបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន ក្នុងរយៈពេលប្រមាណ​ ៧០ឆ្នាំ ប្រទេសទាំងពីរ បានពង្រឹង និងពង្រីកទំនាក់ទំនងក្លាយជាមិត្តដែកថែប ព្រមទាំបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើន ព្រមទាំងបានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។ 

មុននឹងបញ្ចប់ សម្តេចធិបតី និងលោក Shohrat Zakir ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ ទេសចរណ៍ អប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការធ្វើទំនើបកម្មវិស័យឧស្សាហកម្មនិងបច្ចេកវិទ្យា ការពង្រីកការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ប្រទេសចិន ការពង្រឹងកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆានិងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ព្រមទាំងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងសកលលោកផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានរបស់សម្ដេចធិបតី