តាមរយៈEU ក្រុមហ៊ុនជប៉ុនសម្រេច​ទិញ​ក្រុមហ៊ុនដែកថែប​អាមេរិកតម្លៃ ១៤,៩ ពាន់​លាន​ដុល្លារ​

គណៈកម្មការអឺរ៉ុប EU កាលពីថ្ងៃចន្ទ ទី៦ ខែឧសភា បានអនុម័តកិច្ចព្រមព្រៀងទិញក្រុមហ៊ុនផលិតដែកថែបអាមេរិក ឈ្មោះថា US Steel ក្នុងតម្លៃ ១៤,៩ ពាន់លានដុល្លារដោយក្រុមហ៊ុន Nippon Steel របស់ជប៉ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការទិញយកក្រុមហ៊ុនដែកថែបពីវិនិយោគិនអាមេរិក ក្រុមហ៊ុន Nippon Steel បាននិយាយថា កិច្ចព្រមព្រៀងនេះមិនបង្កឱ្យមានក្តីព្រួយបារម្ភ អំពីការប្រកួតប្រជែងទេ ទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិកក៏ដោយ។

ការទិញយកក្រុមហ៊ុន US Steel ពីក្រុមហ៊ុន Nippon របស់ជប៉ុន ត្រូវបានជំទាស់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលចង់ឱ្យក្រុមហ៊ុន US Steel នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ពលរដ្ឋអាមេរិក ខណៈសហជីពសម្តែងការព្រួយបារម្ភអំពីឪកាសនៃការបាត់បង់ការងារ។

តាមដានជាមួយយើង៖ Million Times

បន្ថែមទៀតនោះ សមាជិកសភាអាមេរិកជាច្រើនក៏បានចេញមុខប្រឆាំងនឹងកិច្ចព្រមព្រៀងនេះដែរ ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។ ប៉ុន្តែម្ចាស់ភាគហ៊ុនភាគច្រើនលើសលុបរបស់ក្រុមហ៊ុន US Steel បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងទិញលក់នេះ កាលពីខែមេសាកន្លងទៅ។

សារព័ត៌មាន Reuters បាននិយាយថា ការទិញយកក្រុមហ៊ុនផលិតដែកថែបរបស់អាមេរិកនេះ នឹងជួយឱ្យក្រុមហ៊ុន Nippon Steel ដែលជាក្រុមហ៊ុនផលិតដែកថែបធំជាងគេទី៤ ក្នុងពិភពលោកមួយនេះមានសមត្ថភាពផលិតដែកថែបឆៅចំនួន ១០០លានតោន៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters