ចិនមានចិត្តរិះរកមធ្យោបាយដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតីចិន លោក Xi Jinping បានថ្លែងចេញពីទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យថា ប្រទេសចិនរួមជាមួយនឹងបារាំង និងដៃគូផ្សេងទៀត មានបំណងរិះរកមធ្យោបាយដោះស្រាយបញ្ហាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

លោក Xi Jinping បាននិយាយប្រាប់កាសែតបារាំង Le Figaro ថា “យើងសង្ឃឹមថា អឺរ៉ុបនឹងត្រលប់មានសន្តិភាព និងស្ថិរភាពមកវិញក្នុងពេលឆាប់ៗនេះ ហើយចិនមានបំណងធ្វើការជាមួយប្រទេសបារាំង និងសហគមន៍អន្តរជាតិទាំងមូល ដើម្បីស្វែងរកមធ្យោបាយដោះស្រាយវិបត្តិនៅអ៊ុយក្រែន” ។

ប្រធានាធិបតីចិនរូបនេះក៏បានអំពាវនាវម្តងហើយម្តងទៀតឱ្យគោរពនូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ ដោយគិតគូរពីផលប្រយោជន៍សន្តិសុខស្របច្បាប់គ្រប់ភាគីពាក់ព័ន្ធ ហើយព្រមទាំងបានចង្អុលបង្ហាញពីភាពមិនអាចទទួលយកបាននៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ ។

ក្រៅពីបញ្ហានៅអ៊ុយក្រែន លោក Xi Jinping ក៏នឹងត្រៀមពិភាក្សា ក៏ដូចជាផ្លាស់ប្ដូរទស្សនៈអំពីជម្លោះពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាពាក់ព័ន្ធសង្គ្រាមអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ក៏ដូចជាបញ្ហាផ្សេងទៀតជាមួយនឹងលោកប្រធានាធិបតីបារាំង Emmanuel Macron ផងដែរ ។

សូមជម្រាបជូនថា លោក Xi Jinping កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង ស៊ែប៊ី និង​ហុងគ្រី ចាប់ពី​ថ្ងៃ​ទី៥ ដល់ថ្ងៃទី ១០ ខែ​ឧសភា តាម​ការ​អញ្ជើញ​របស់​មេដឹកនាំ​អឺរ៉ុប ។ ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់ប្រធានាធិបតីចិន​ទៅកាន់​អឺរ៉ុប​ក្នុង​រយៈពេល​ជិត ៥ ​ឆ្នាំ​មកនេះ​កើតឡើង ​ខណៈដែល​សហភាព​អឺរ៉ុប​បន្ត​ដាក់​សម្ពាធ​លើ​ទីក្រុង​ប៉េកាំង​ជុំវិញ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី​ ៕

តាមដានជាមួយយើង៖ Million Times
លោក Xi Jinping

បកប្រែ ៖ ទីន