ទូតចិន៖ ចិនមានឆន្ទៈក្នុងការជួយកម្ពុជាសាងសង់ស្ថានីយអគ្គិសនីទំនើបៗ បន្ថែមទៀត

លោក វ៉ាង វិនពីង (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសចិន មានបំណងជួយកម្ពុជាសាងសង់ស្ថានីយអគ្គិសនីទំនើបៗបន្ថែមទៀត។ ការលើកឡើងនេះ ស្របពេលដែលលោក និងឯកឧត្តម​ កែវ​ រតន:​ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល​ បានអញ្ជើញជាអធិបតីក្នុងពិធី​បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់​ ​”គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ​អានុភាព ១ ០០០ មេហ្កាវ៉ាត់”នៅខេត្តកោះកុង។

តាមដានជាមួយយើង៖ Million Times

គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើនេះ គឺជាគម្រោងទី១​ ជាប្រវត្តិសាស្រ្ត​និងជាផ្នែកនៃទិសដៅអភិវឌ្ឍថាមពលបៃតង​របស់កម្ពុជា​​ ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពិសេសការធានាបាននូវសន្តិសុខថាមពល​ជាតិ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីង បានអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការបើកការដ្ឋានសាងសង់ នៃគម្រោងស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើនេះ ហើយជាស្ថានីយអគ្គិសនីបូមទឹកស្តុកទុកដំបូងបង្អស់នៅប្រទេសកម្ពុជា ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។

លោកបន្ថែមថា បន្ទាប់ពីសាងសង់រួច គម្រោងនេះនឹងជួយពង្រឹងយ៉ាងខ្លាំងក្លានូវសមត្ថភាព នៃបណ្តាញអគ្គិសនីកម្ពុជា ក្នុងការកែសម្រួលការប្រើប្រាស់អគ្គិសនី នៅពេលមានតម្រូវការខ្ពស់ ធានាបាននូវសុវត្ថិភាព និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងជួយជំរុញកម្ពុជាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតង គឺ “ការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% នៅឆ្នាំ ២០៣០”។

លោក វ៉ាង វិនពីង បានបន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០១០មក ស្ថានីយអគ្គិសនីដែលវិនិយោគដោយក្រុមហ៊ុនចិន បានជួយឱ្យអត្រានៃការផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសកម្ពុជា កើនឡើងពី ៥០% ដល់ ៩៥.៨៨% និងបានជំរុញឱ្យសមាមាត្រថាមពលស្អាតនៅកម្ពុជាឡើងដល់ ៦៣.២៣% ដែលជាចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «យើងមានឆន្ទៈក្នុងការជួយកម្ពុជាសាងសង់ស្ថានីយអគ្គិសនីទំនើបៗបន្ថែមទៀត ដើម្បីបញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍឱ្យកាន់តែឆាប់រហ័ស និងនាំមកនូវសុភមង្គលកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា»៕

អត្ថបទ៖ វីរៈ រូបភាព៖ ទូតចិន