ពាណិជ្ជកម្មទ្វេភាគីរវាងអង់គ្លេស និងកម្ពុជា មានតម្លៃជាង ១ពាន់លានផោន ក្នុងមួយឆ្នាំ ដែលនេះបង្ហាញពីភាពរីកចម្រើនជាដៃគូរវាងប្រទេសទាំងពីរ។ នេះជាការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែមេសានេះ។

ស្ថានទូត បានឱ្យដឹងថា ចក្រភពអង់គ្លេស និងកម្ពុជារីករាយនឹងភាពជាដៃគូដែលកំពុងរីកចម្រើន ដោយមានពាណិជ្ជកម្មទ្វេភាគីមានតម្លៃជាង ១ពាន់លានផោនក្នុងមួយឆ្នាំ និងកិច្ចសហប្រតិបត្តិការកំពុងពង្រីកនៅក្នុងវិស័យជាច្រើន រួមទាំងវិស័យការពារជាតិ និងអប់រំ។
លោកស្រី Seema Malhotra សមាជិកសភា រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានជួបពិភាក្សាជាមួយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៨ ខែមេសា ទីក្រុងឡុងដ៍។ លោកស្រីរដ្ឋមន្ត្រី បានបង្ហាញក្ដីរីករាយក្នុងការពិភាក្សាអំពីសុទិដ្ឋិនិយមចំពោះអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ចំណែកឯកឧត្តម ហ៊ុន ម៉ានី ក៏បានឱ្យដឹងដែរថា ក្នុងដំណើរបេសកកម្មនៅចក្រភពអង់គ្លេស ឯកឧត្ដមបានជួបពិភាក្សាការងារជាមួយលោកស្រី Seema Malhotra ដោយបានពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ដែលមានរយៈពេល ៧៣ឆ្នាំ ដែលប្រទេសទាំងពីរបាននិងកំពុងបន្តអភិវឌ្ឍរួមគ្នាលើវិស័យនានាជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបៃតងនិងថាមពលកកើតឡើងវិញ និងសកម្មភាពបោសសម្អាតមីន។
បើតាមឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជំនួបនេះពិតជាមានសារៈសំខាន់ ដោយភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់គ្នា ស្វែងរកចំណុចរួមជាច្រើនក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការកត់សម្គាល់លើការកើនឡើង នៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការវិនិយោគដោយផ្ទាល់របស់អង់គ្លេសនៅកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕
អត្ថបទ៖ វីរៈ រូបភាព៖ ទូតអង់គ្លេស



