លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សភាពាណិជ្ជកម្ម ក្នុងការចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅកម្ពុជា។

ការវាយតម្លៃយ៉ាងដូច្នេះ ស្របពេលដែលលោកជំទាវរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា លឹម ហេង អនុប្រធាន ចូលជួបសម្តែងការគួរសម និងគោរពជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

អ្នកឧកញ៉ា លឹម ហេង តំណាងគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះលោកជំទាវរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានចូលជួបសម្តែងការគួរសម និងគោរពជូនពរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលនេះ។
ជាមួយគ្នានេះ អ្នកឧកញ៉ាអនុប្រធាន ក៏បានរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរ របស់សភាពាណិជ្ជកម្មកម្ពុជា គោរពជូនលោកជំទាវរដ្ឋមន្ត្រី ដើម្បីជ្រាប។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូសភាពាណិជ្ជកម្ម ដែលបានឆ្លៀតឱកាសដ៏មមាញឹកចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនអំពីវឌ្ឍភាពការងារសម្រេចបាន និងទិសដៅការងារបន្ត។

លោកជំទាវរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់លើលទ្ធផលការងារ និងតួនាទីរបស់សភាពាណិជ្ជកម្ម ក្នុងការចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
បន្ថែមលើនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអាណាព្យាបាលបច្ចេកទេស នឹងបន្តគាំទ្រសភាពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវទិសដៅការងារ និងសមិទ្ធផលបន្ថែមទៀត៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម



