រដ្ឋសម្រេចកែសម្រួលបញ្ចុះតម្លៃអត្រាពន្ធ និងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួន​  

រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេចកែសម្រួលបញ្ចុះតម្លៃអត្រាពន្ធគយ​ និងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួន​ ពាក់ព័ន្ធនឹងគ្រឿងប្រើប្រាស់អគ្គិសនី​,​ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី,​ ចង្កៀងសូឡា​ ក្នុងនោះក៏មានរថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ​ HEV, PHEV និង​ EV ផងដែរ។

តាមដានជាមួយយើង៖ Million Times

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា​ ផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមីនានេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកែសម្រួលអត្រាពន្ធគយ និងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួនដូចជា៖

១-បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក០% លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី និងចង្កៀងសូឡាចំនួន ៩បន្ទាត់ពន្ធ។

២-បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក០% លើមុខទំនិញម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពលសូឡា, អាគុយលីចូម (អាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និងឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ។

៣-បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ។

៤-បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក០% លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្តគ្រួសារប្រភេទ EV ចំនួន ១២បន្ទាត់ពន្ធ។

៥-បញ្ចុះអត្រាអាករនាំចេញពី ២៥% មក១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន ០១ បន្ទាត់ពន្ធ។

អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានបញ្ជាក់ថា អត្រាពន្ធគយ និងអត្រាអាករនាំចេញកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម