រោងចក្រផលិតស៊ីម៉ង់ចំនួន២ នៅខេត្តកំពត របស់ក្រុមហ៊ុន KAMPOT CEMENT CO., LTD. និងក្រុមហ៊ុន CHIP MONG INSEE CEMENT CORPORATION បាននិងកំពុងដំណើរការយ៉ាងសកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការស៊ីម៉ង់ក្នុងស្រុក។

នេះបើតាមការកត់សម្គាល់របស់ប្រតិភូគណៈកម្មាធិការវិនិយោគកម្ពុជា ដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ ដែលបានចុះទៅកំពត ចុះបំពេញបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគផលិតស៊ីម៉ង់ទាំង២ខាងលើ កាលពីថ្ងៃទី២៦ ខែមីនា។

ការចុះទៅពិនិត្យដែលរួមមានទាំងប្រតិភូអន្តរក្រសួង និងអាជ្ញាធរខេត្តកំពតផងនោះ មានគោលបំណងស្វែងយល់ពីការអនុវត្តគម្រោង និងបញ្ហាប្រឈមនានា ដែលជាផ្នែកមួយ នៃការផ្តល់សេវាថែទាំវិនិយោគដូចមានចែងក្នុងច្បាប់ ស្តីពី វិនិយោគ។

គណៈប្រតិភូដែលបានចុះពិនិត្យ បានសង្កេតឃើញថា ក្រុមហ៊ុនទាំង២ខាងលើ បាននិងកំពុងដំណើរការយ៉ាងសកម្ម ដោយបានផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលតាមរយៈការបណ្តុះបណ្តាលទាំងនេះ បានផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអាចប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក រួមទាំងបុគ្គលិកជំនាញជាន់ខ្ពស់ផងស្ទើរ១០០%។

គណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា គម្រោងវិនិយោគផលិតស៊ីម៉ង់ទាំង២នេះ មិនត្រឹមតែបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានានូវការផ្គត់ផ្គង់តម្រូវការស៊ីម៉ង់ក្នុងស្រុក សម្រាប់បម្រើដល់វិស័យសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

បើតាមគណៈកម្មាធិការវិនិយោគកម្ពុជាដដែល បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ចំនួន៦ ដែលអាចផ្គត់ផ្គង់តម្រូវការស៊ីម៉ង់ក្នុងស្រុក ដែលមានប្រមាណ ១០លានតោនក្នុងមួយឆ្នាំ បានគ្រប់គ្រាន់ទាំងស្រុង៕

អត្ថបទ៖ វីរៈ រូបភាព៖ គណៈកម្មាធិការវិនិយោគកម្ពុជា



