ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គ្រោងដឹកនាំប្រតិភូបំពេញបេសកកម្មគោះទ្វារវិនិយោគ (Investment Roadshow) ទៅកាន់បណ្តាប្រទេសក្នុងសហភាពអឺរ៉ុបនាពេលខាងមុខ។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែមីនានេះ។

ឯកឧត្ដមអនុប្រធានទី១ CDC បានលើកឡើងថា បេសកកម្មនេះ នឹងក្លាយជាឱកាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីតថភាពពិតនៃបរិយាកាសវិនិយោគ រួមមានស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច និងប្រព័ន្ធលើកទឹកចិត្តនានា ទៅកាន់សហគមន៍ធុរកិច្ចនៅអឺរ៉ុប។

ជាការឆ្លើយតប គណៈប្រតិភូសហភាពអឺរ៉ុប បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមផ្តល់កិច្ចសម្របសម្រួល និងសហការរៀបចំបេសកកម្មនេះឱ្យសម្រេចទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា។

បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ថា មានប្រទេសជាច្រើនទៀតក្នុងសហភាពអឺរ៉ុប ដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើកម្ពុជា ហើយកំពុងតាមដានការអភិវឌ្ឍរបស់កម្ពុជាយ៉ាងយកចិត្តទុកដាក់ និងរង់ចាំឱកាសដើម្បីជួបពិភាក្សាដោយផ្ទាល់ជាមួយប្រតិភូកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ។

ក្នុងជំនួបដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែទាក់ទាញវិនិយោគិនថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះការថែទាំគាំទ្រវិនិយោគដែលកំពុងប្រតិបត្តិការផងដែរ។

ភាគីទាំងពីរ បានរំពឹងទុកដូចគ្នាថា តាមរយៈបេសកកម្មគោះទ្វារវិនិយោគ និងយន្តការសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ទំហំពាណិជ្ជកម្មទ្វេភាគី និងរលកនៃទុនវិនិយោគអឺរ៉ុបមកកម្ពុជា នឹងមានសន្ទុះកើនឡើង ដែលវានឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែងរបស់ខ្លួន៕
អត្ថបទ៖ វីរៈ រូបភាព៖ CDC


