ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីចុងខែកុម្ភៈកន្លងទៅនេះ បានសម្រេចចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ដអគ្គិសនី “EV” ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

តាមរយៈការផ្សព្វផ្សាយកាលពីយប់ថ្ងៃទី២៤ ខែមីនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ទីតាំងរោងចក្រផ្គុំ និងដំឡើងរថយន្ដ EV នេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដោយមានទំហំទុនវិនិយោគ ៤៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤២៨កន្លែង។

ក្រុមហ៊ុនដែលបង្កើតរោងចក្រនេះ មានឈ្មោះថា ហ្សូ ម៉ូធ័រ ខេមបូឌា (Zo Motors Cambodia) ហើយគ្រោងដំឡើងរថយន្ដប្រភេទដឹកទំនិញ និងដឹកអ្នកដំណើរ។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ Zo Motors Cambodia បានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន បាននិងកំពុងឈានចូលក្នុងដំណាក់កាលដ៏សំខាន់ ក្នុងការត្រៀមខ្លួនសម្ពោធជាផ្លូវការនូវរោងចក្រដំឡើងរថយន្តអគ្គីសនី ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់។

រោងចក្រនេះ ត្រូវបានបំពាក់ឡើងជាមួយនឹងសមត្ថភាពដំឡើងរហូតដល់ ១០,០០០ គ្រឿងក្នុងមួយឆ្នាំ ដោយផ្តោតសំខាន់លើការផលិតរថយន្តភីកអាប់អគ្គិសនីសុទ្ធ រថយន្តដឹកទំនិញធុនស្រាល និងធុនធ្ងន់ដែលដើរដោយថាមពលអគ្គិសនីទាំងស្រុង ព្រមទាំងបានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុត។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ បានលើកឡើងថា វត្តមានរបស់ក្រុមហ៊ុន Zo Motors គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពទាក់ទាញ នៃបរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងបាននិងកំពុងប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសក្រគរឱ្យទៅជា “មជ្ឈមណ្ឌលផលិតយានយន្តអគ្គិសនី” ដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការវិនិយោគនេះ នឹងជួយលើកកម្ពស់ចក្ខុវិស័យរបស់កម្ពុជា ឱ្យក្លាយជាតួអង្គដ៏សំខាន់ក្នុងខ្សែសង្វាក់ឧស្សាហកម្មផលិតយានយន្តអគ្គិសនី នៅក្នុងតំបន់អាស៊ានទាំងមូល៕
អត្ថបទ៖ វីរៈ រូបភាព៖ Zo Motors


