អ្នកឧកញ៉ា សួរ វីរៈ កុម្ម៉ង់រថយន្តដឹកទំនិញប្រភេទអគ្គិសនី ៣០០គ្រឿងបន្ថែម ស្របពេលប្រេងឡើងថ្លៃ

ដោយសារតែប្រេងឥន្ធនៈបន្តឡើងថ្លៃ បន្ទាប់ពីទទួលរងឥទ្ធិពលសង្រ្គាមនៅមជ្ឈិមបូព៌ានោះ, អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបញ្ជាទិញរថយន្តដឹកទំនិញប្រភេទអគ្គីសនីប្រមាណ ៣០០គ្រឿងបន្ថែមទៀត។

តាមដានជាមួយយើង៖ Million Times

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមីនានេះ អ្នកឧកញ៉ា សួរ វីរៈ បានឱ្យដឹងថា រថយន្តដឹកទំនិញអគ្គិសនីវីរ:ប៊ុនថាំចំនួន ៣០០គ្រឿងបន្ថែមទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងមាស៊ូត ក្នុងបរិបទពិភពលោកកំពុងប្រឈមនឹងការខ្វះខាតប្រេង។

អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ រូបនេះ រំពឹងថា នៅពេលប្រើប្រាស់រថយន្តប្រភេទអគ្គីសនីនេះ នឹងអាចកាត់បន្ថយការចំណាយ ថ្លៃដឹកជញ្ជួនរបស់អតិថិជនមករកភាពប្រក្រតីឡើងវិញ ដើម្បីធានាឱ្យបានស្ថេរភាពចំណូលរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្មនៅកម្ពុជា។

ក្រុមហ៊ុន វិរៈ ប៊ុនថាំ កំពុងវិវត្តទៅផ្ដល់សេវាដឹកជញ្ជូនទំនិញ ដោយប្រើប្រាស់រថយន្តអគ្គីសនីវិញ ដែល អាចសន្សំសំចៃជាងការប្រើប្រាស់រថយន្តម៉ាស៊ីនប្រេងឥន្ធនៈ ហើយជួយកាត់បន្ថយការបំពុលបរិស្ថានដែរ។

ប្រសិនបើមកដល់ក្នុងឆ្នាំ ២០២៦នេះ នឹងនាំឱ្យក្រុមហ៊ុនវិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ មានរថយន្ដប្រើ​ថាមពលអគ្គិសនីកើនដល់ ៥០០គ្រឿង​។ ការប្រើរថយន្ដអគ្គិសនីនេះ គឺស្របពេលមានការបារម្ភពីការឡើងថ្លៃសេវាដឹកជញ្ជូន បន្ទាប់ពីប្រេងឥន្ធនៈមានការហក់ឡើងជាបន្តបន្ទាប់ ដោយសារវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ា៕

អត្ថបទ៖ វីរៈ រូបភាព៖ អ្នកឧកញ៉ា សួរ វីរៈ