ធនាគារចិន មានបំណងពង្រីកប្រតិបត្តិការនៅកម្ពុជា ក្រោយពីមានវឌ្ឍនភាពល្អនាពេលកន្លងមក

គណៈប្រតិភូធនាគារចិន មានបំណងពង្រីកប្រតិបត្តិការនៅកម្ពុជា ព្រមទាំងស្វែងយល់ពីសក្តានុពលវិនិយោគថ្មីៗក្នុងវិស័យហិរញ្ញវត្ថុ។

តាមដានជាមួយយើង៖ Million Times

ការបង្ហាញបំណងបែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយគណៈប្រតិភូជាន់ខ្ពស់ធនាគារចិន ដឹកនាំដោយលោក Sun Yu នាយកប្រតិបត្តិធនាគារចិនប្រចាំទីក្រុងហុងកុង នៅថ្ងៃថ្ងៃទី១៨ ខែមីនា នៅធនាគារជាតិនៃកម្ពុជា។

នៅក្នុងជំនួបនេះ លោក Sun Yu បានជម្រាបជូនពីវឌ្ឍនភាពល្អនៃប្រតិបត្តិការរបស់ធនាគារចិននាពេលកន្លងមក និងបានបញ្ជាក់ពីការប្តេជ្ញារបស់ភាទុនិក ក្នុងការបន្តចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត ដោយអនុវត្តតាមបទប្បញ្ញាត្តិនានាឱ្យបានខ្ជាប់ខ្ជួន។

លើសពីនេះ លោកក៏បានលើកឡើងពីការសិក្សាអំពីលទ្ធភាព ក្នុងការដាក់ឱ្យដំណើរការឧបករណ៍ហិរញ្ញវត្ថុថ្មីៗ និងការជំរុញការប្រើប្រាស់ប្រាក់រៀល សម្រាប់ទូទាត់ក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ឱ្យបានកាន់តែទូលំទូលាយថែមទៀត។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះគម្រោងពង្រីកប្រតិបត្តិការនៅកម្ពុជា និងបានលើកឡើងពីអាទិភាព ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់និងស្ថិរភាពហិរញ្ញវត្ថុ សំដៅចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

បន្ថែមលើនេះ លោកជំទាវ ជា សិរី ក៏បានមានប្រសាសន៍អំពីទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ដោយបានរំលេចពីសក្តានុពល និងកត្តាប្រឈមមួយចំនួនពាក់ព័ន្ធនឹងភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយតំបន់និងសកលលោក និងការកើនឡើងតម្លៃប្រេងលើទីផ្សារអន្តរជាតិ ជាដើម៕

អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារជាតិ