ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Erik Ly ប្រធានក្រុមហ៊ុន Ecly Ltd នៅទីក្រុងអូក្លិន ប្រទេសនូវែលហ្សេឡង់។

នៅក្នុងជំនួបនោះ តំណាងក្រុមហ៊ុនក្រុមហ៊ុន Ecly Ltd បានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន ដែលមានឃ្លាំងស្តុកទំនិញ (Warehouse) និងបណ្តាញចែកចាយដ៏រឹងមាំ បាននិងកំពុងនាំចូលចែកចាយផលិតផលសក្តានុពលពីកម្ពុជា រួមមានអង្ករខ្មែរ និងស្រាបៀរហនុមាន (Hanuman Beer) ទៅក្នុងទីផ្សារណូវែលហ្សេឡង់។

ជាមួយគ្នានេះ អគ្គនាយកធនាគារ ARDB និងប្រធានក្រុមហ៊ុន Ecly ក៏បានពិភាក្សាលម្អិតអំពីផែនការបន្តសិក្សានាំចូលផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងពង្រីកវត្តមានទំនិញខ្មែរ ឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសណូវែលហ្សេឡង់។

ជាការឆ្លើយតបក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ និងកោតសរសើរដល់លោក Erik Ly ដែលបានដើរតួនាទីជាស្ពានសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការនាំយកផលិតផលខ្មែរមកកាន់ទីផ្សារអន្តរជាតិ តាមរយៈហេដ្ឋារចនាសម្ព័ន្ធឃ្លាំងទំនិញ និងបទពិសោធន៍ចែកចាយផលិតផលចំណីអាហារប្រកបដោយវិជ្ជាជីវៈ។

គួរឱ្យដឹងដែរថា នៅក្នុងជំនួបនោះ ក៏មានការអញ្ជើញចូលរួមពីលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ARDB


