អ្នកឧកញ៉ា វិញ ហួរ បង្ហាញស្ថានភាពឧស្សាហកម្មផលិតស៊ីម៉ងត៍នៅកម្ពុជាជូ​នឯកឧត្តម ហ៊ាន សាហ៊ីប

អ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលសមាគមស៊ីម៉ងត៍កម្ពុជា នៅថ្ងៃទី១៦ ខែមីនា បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន ដើម្បីជម្រាបជូនអំពីស្ថានភាពនៃឧស្សាហកម្មផលិតស៊ីម៉ងត៍នៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

នៅក្នុងឱកាសនោះ អ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាល បានគូសរំលេចអំពីស្ថានភាពនៃវិស័យផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលរួមមានទំហំទុនវិនិយោគ, សមត្ថភាពផលិត និងផ្គត់ផ្គង់របស់សហគ្រាសក្នុងស្រុក, និងនិន្នាការនៃតម្រូវការក្នុងការប្រើប្រាស់ស៊ីម៉ងត៍ សម្រាប់ផ្គត់ផ្គង់ដល់ការសាងសង់អគារ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ជាដើម។

បន្ទាប់ពីបានស្វែងយល់អំពីស្ថានភាព នៃវិស័យផលិតស៊ីម៉ងត៍នៅកម្ពុជា, ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យផលិតស៊ីម៉ងត៍កម្ពុជា តាមរយៈយន្តការលើកទឹកចិត្តផ្សេងៗ។

ជាមួយគ្នានេះ, ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ របស់ឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា តាមរយៈការវិនិយោគ, ការបង្កើតការងារ, ការបណ្តុះបណ្តាលកម្មករជំនាញ, ការបង់ពន្ធជូនរដ្ឋ និង សកម្មភាពសង្គមជាច្រើនទៀត។

អ្នកឧកញ៉ា វិញ ហួរ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋលេខាធិការ និងរាជរដ្ឋាភិបាលដែលតែងបានគិតគូរ ផ្តល់ការគាំទ្រ និងការលើកទឹកចិត្តផ្សេងៗ ដល់វិស័យស៊ីម៉ងត៍កម្ពុជា ជាពិសេសក្នុងស្ថានភាពដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាអស្ថិរភាពជាសកល។

ជាចុងក្រោយ ឯកឧត្តម ហ៊ាន សាហ៊ីប បានស្នើឱ្យសមាគមស៊ីម៉ងត៍កម្ពុជា ខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន សំដៅជំរុញលទ្ធភាពផលិត និងផ្គត់ផ្គង់ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងរក្សាឱ្យបាននូវភាពប្រកួតប្រជែងជាមួយនឹងស៊ីម៉ងត៍នាំចូល៕

អត្ថបទ៖ វីរៈ រូបភាព៖ SPIN Programme