កម្ពុជា-កូរ៉េ បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែម

កម្ពុជា និងកូរ៉េខាងត្បូង នៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ បើទោះបីជាប្រទេសទាំងមានកិច្ចសហការច្រើនវិស័យហើយក្តី។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងដូច្នេះ នាឱកាសអនុញ្ញាតឱ្យ លោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម Kim Chang Yong ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះកិច្ចការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាមួយគ្នានេះទំនាក់ទំនងពាណិជ្ជកម្ម និងការរីកលូតលាស់គួរឱ្យកត់សម្គាល់ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃប្រទេសទាំងពីរផងដែរ។

តាមដានជាមួយយើង៖ Million Times

ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបង្ហាញនូវក្តីរីករាយដែលប្រទេសទាំងពីរបានលើកកម្រិតដៃគូទំនាក់ទំនងទេ្វភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េមានកិច្ចសហការច្រើនវិស័យហើយក្តី តែប្រទេសយើងទាំងពីរនៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ ព្រោះកូរ៉េជាប្រទេសជឿនលឿន និងមានបទពិសោធន៍ការអភិវឌ្ឍច្រើនវិស័យ ទាំងក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា ដោយរួមទាំងវិធានការទប់ស្កាត់ បង្ក្រាប អប់រំ និងកិច្ចសហការជាមួយមិត្តបរទេស ក៏ដូចជាមិត្តិកូរ៉េជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលល្អប្រសើរនៃប្រតិបត្តិការបង្រ្កាប Online Scam ដែលអនុវត្តដោយក្រុមការងាររួមនៃប្រទេសទាំងពីរ។ យ៉ាងណាមិញឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបផងដែរពាក់ព័ន្ធនឹងការឯកភាពគ្នារៀបចំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនឹងផ្នែកឯកជន កម្ពុជា-កូរ៉េ នៅថ្ងៃទី៨ ខែមេសា ខាងមុខ ។ ទន្ទឹមនឹងនេះឯកឧត្តមអគ្គរដ្ឋទូតក៏បានស្នើនិងអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្រ្តីឱ្យដឹកនាំគណៈប្រតិភូ ដើម្បីធ្វើដំណើរទៅទស្សនកិច្ចទាក់ទាញអ្នកវិនិយោគ នៅឯប្រទេសកូរ៉េនា ខែមិថុនាផងដែរ។

នាក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង Online Scam និងបានសម្រេចសមិទ្ធផលវិជ្ជមានជាច្រើនគួរជាទីមោទនៈ ដែលនឹងរួមចំណែកលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនសាធារណរដ្ឋកូរ៉េ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ទន្ទឹមនេះឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចូលរួមសម្របសម្រួល ដើម្បីឱ្យការរៀបចំខួប៣០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយ អាចក្លាយជាព្រឹត្តិការណ៍ដ៏អធិកអធមបំផុត ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថា នឹងជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជាសំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន៕

អត្ថបទ៖ ប៊ី