លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ច បានលើកឡើងនៅលើបណ្ដាញសង្គមថា អ្នកប្រើប្រេងសាំង អាចបន្ថយ ឬផ្អាកបាន ក៏ប៉ុន្ដែអ្នកប្រើម៉ាស៊ូតពិបាកកាត់បន្ថយ។ លោកថា បច្ចុប្បន្ន អ្នកត្រូវការទិញប្រេងម៉ាស៊ូត ដើម្បីបូមទឹកមួយចំនួន ឬចាក់គ្រឿងចក្រជួបការលំបាកមួយកម្រិតទៀត ដោយសារកន្លែងខ្លះគេមិនលក់ដាក់កានជ័រ។

ការលើកឡើងនេះ ស្របពេលបច្ចុប្បន្នប្រេងម៉ាស៊ូតត្រូវក្នុងតម្លៃ ៦ ០៥០រៀល/លីត្រ រីឯប្រេងសាំងធម្មតាត្រូវលក់៥ ២០០រៀល/លីត្រ ដែលប្រែប្រួលទៅតាមទីផ្សារអន្តរជាតិ។

លោក ចាន់ សុផល បានលើកឡើងថា ហេតុអ្វីបានជាប្រេងម៉ាស៊ូតថ្លៃជាងសាំងក្នុងពេលមានវិបត្តិ? ហេតុអ្វីបានជាថ្លៃម៉ាស៊ូតនាំចូលមកខ្ពស់ជាងថ្លៃសាំង? ចម្លើយគឺមកពីតម្រូវការម៉ាស៊ូតពិបាកកាត់បន្ថយ ខណៈតម្រូវការសាំងអាចកាត់បន្ថយបាន ដោយលោកថា បើក្នុងមុខវិទ្យាសេដ្ឋកិច្ចគេហៅថា តម្រូវការមិនងាយប្រែប្រួលតាមថ្លៃ ដោយសារភាពចាំបាច់នៃទំនិញ (demand inelasticity)។

អ្នកជំនាញរូបនេះ បានបន្ថែមថា គេអាចកាត់បន្ថយការប្រើប្រាស់ឡានទេសចរណ៍បាន។ គេអាចផ្អាកជិះឡានមួយរយៈដោយជិះម៉ូតូ ជិះកង់ ឬជិះឡានក្រុង ក៏ប៉ុន្ដែការបូមទឹក ភ្ជួរដី ច្រូតស្រូវ ដឹកដំឡូង ដឹកស្វាយ ដឹកស្វាយចន្ទី ដឹកស្រូវ ដឹកអង្ករនាំចេញ ដឹកក្រណាត់ចូល ដឹកសម្លៀកបំពាក់នាំចេញ ដឹកប្រេងចែកចាយ ដឹកសម្ភារៈសំណង់ជាដើម សុទ្ធតែប្រើប្រាស់ប្រេងម៉ាស៊ូត និងបើកាត់បន្ថយនាំឱ្យមានការខាតបង់កាន់តែច្រើន ដូច្នេះហើយ តម្រូវការម៉ាស៊ូតមានភាពចាំបាច់ជាងសាំង ដែលនាំឱ្យប្រទេសជាច្រើនដណ្ដើមគ្នាទិញម៉ាស៊ូត។
លោក ចាន់ សុផល បានលើកឡើងថា ថ្លៃដឹកជញ្ជូនកើនឡើង នាំឱ្យថ្លៃទំនិញឧបភោគ បរិភោគ នឹងកើនឡើង រីឯអ្នកលក់ទំនិញនាំចេញ នឹងបានចំណូលតិចជាងមុន ហើយបើខ្វះម៉ាស៊ូតកាន់តែពិបាកខ្លាំង។
ត្រង់ចំណុចនេះ លោកបានផ្ដល់យោបល់ថា រដ្ឋាភិបាល គួរយកចិត្តទុកដាក់ឱ្យបានខ្លាំងចំពោះប្រេងម៉ាស៊ូតដែលជាយុទ្ធសាស្ត្រនេះ និងគួរមានការលើកទឹកចិត្តសម្រាប់ការទិញឡានដឹកទំនិញ ដោយប្រើឋាមពលអគ្គិសនីឱ្យបានឆាប់ជាទីបំផុត។ លោកថា បើខ្វះឋាមពលអគ្គិសនី រដ្ឋាភិបាល គួរបង្កើតគម្រោង ឬអនុញ្ញាតការប្រើប្រព័ន្ធសូឡាឱ្យបានច្រើន រួមទាំងប្រព័ន្ធសូឡាបូមទឹក៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម


