ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកទឹកចិត្ត និងជំរុញឱ្យសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា បន្តលើកកម្ពស់ការយល់ដឹង និងបណ្តុះបណ្តាលសមាជិក និងវិនិយោគិន ពិសេសចែករំលែកនូវចំណេះដឹង និងបទពិសោធនានាពាក់ព័ន្ធនឹងវិស័យមូលបត្រឱ្យបានកាន់តែទូលំទូលាយ។
ឯកឧត្តម ស៊ូ សុជាតិ ជាប្រធានកិត្តិយសនៃសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា អមដោយ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក. បានលើកទឹកចិត្តបែបនេះ នាឱកាសដឹកនាំសហការីអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ និងរាត្រីប្រគល់វិញ្ញាបនបត្រឆ្នើមប្រចាំឆ្នាំរបស់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។
សន្និបាតប្រចាំឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផលការងារប្រចាំឆ្នាំ ២០២៥ របស់ សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ព្រមទាំងការដាក់ចេញនូវសកម្មភាព និងទិសដៅការងារសំខាន់ៗសម្រាប់ការអនុវត្តបន្តនៅឆ្នាំ២០២៦ ក្រោមចក្ខុវិស័យក្លាយជាសមាគមដែលឈានមុខ និងធំជាងគេក្នុងការបណ្តុះបណ្តាលលើការជួញដូរមូលបត្រ និងមានបេសកកម្មធ្វើជាតំណាងស្របច្បាប់របស់សមាជិកសមាគម លើការងារពាក់ព័ន្ធនឹងការជួញដូរមូលបត្រ រួមទាំងផ្នែកគាំពារផ្លូវច្បាប់ និងផ្នែកអភិវឌ្ឍន៍ទីផ្សារ ដោយធ្វើការសហការជាមួយ ន.ម.ក. និង អាជ្ញាធរពាក់ព័ន្ធ។

ក្នុងកម្មវិធីនេះ ក៏មានការចែករំលែកបទពិសោធផ្សេងៗអំពីវិស័យមូលបត្រដោយវាគ្មិនមកពីសមាគម អ្នកវិនិយោគមូលបត្រកម្ពុជា បណ្តាក្រុមហ៊ុននានាក្នុងវិស័យមូលបត្រ ផ្សារមូលបត្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធផងដែរ។
ថ្លែងក្នុងកម្មវិធី ឯកឧត្តម ស៊ូ សុជាតិ បានផ្តល់អនុសាសន៍ដល់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជាថា “សមាគមគួរបន្តលើកកម្ពស់ការយល់ដឹង និងជំរុញការបណ្តុះបណ្តាលសមាជិក និងវិនិយោគិន ពង្រឹងការការពារ សិទ្ធិនិងផលប្រយោជន៍វិនិយោគិន ដោយលើកជាបញ្ហាប្រឈមដាក់ជូនមក ន.ម.ក. ដើម្បីពិនិត្យ និងដោះស្រាយ ក្នុងករណីដែលមានបញ្ហា ដែលអាចប៉ះពាល់ដល់ទីផ្សារទាំងមូល ជំរុញបរិយាបន្នហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យា ដោយប្រើប្រាស់បច្ចេកវិទ្យាឱ្យបានច្រើន ដើម្បីជំរុញការបណ្តុះបណ្តាល ដូចជាការស្វែងយល់ពីការប្រើប្រាស់វេទិកានានា និងបញ្ញាសិប្បនិម្មិត្ត និងបន្តការកសាងទំនុកចិត្ត និងក្រមសីលធម៌របស់វិនិយោគិនផងដែរ”។
ជាមួយគ្នានេះ ឯកឧត្តម ស៊ូ សុជាតិ ក៏បានផ្តល់នូវអនុសាសន៍ដល់សមាជិក សមាជិការបស់សមាគមទាំងអស់ដែលជាវិនិយោគិនមូលបត្រថា “ចំណេះដឹងគឺជាមូលដ្ឋានគ្រឹះនៃការវិនិយោគដ៏ឆ្លាតវៃ ដូចនេះ សូមបន្តពង្រឹង សមត្ថភាពទាំងផ្នែកបច្ចេកទេស ការគ្រប់គ្រងហានិភ័យ និងបទប្បញ្ញត្តិ និងជំរុញលើការចែករំលែកនូវចំណេះដឹង និងបទពិសោធនានាពាក់ព័ន្ធនឹងវិស័យមូលបត្រឱ្យបានកាន់តែទូលំទូលាយ។”
សន្និបាតប្រចាំឆ្នាំនេះមានការអញ្ជើញចូលរួមពីលោក យឿង វីរៈបុត្រ ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា, អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECON Group, អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន សេម អេស អិន គ្រុប ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមាន សំណាង, លោកស្រី ប៊ុត សុវ៉ាត់ឌី ប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្នកម្ពុជា, លោក ទា សាវរ៉ា សមាជិកកិត្តិយសសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា, លោក ប៉ង់ សុគន្ធវឌ្ឍនា ស្ថាបនិកអាណាចក្រ, លោក អ៊ុង ស៊ីវខូវ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អេធីអេហ្វអេកស៍ (ខេមបូឌា) ឯ.ក, លោក VICTOR CHO សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន អេសធី ម៉ាឃីត ឯ.ក, តំណាងផ្សារមូលបត្រកម្ពុជា, ក្រុមហ៊ុនមូលបត្រ, ឈ្មួញជើងសាឧបករណ៍និស្សន្ទ ព្រមទាំងការចូលរួមពីឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ដែលជាសមាជិក សមាជិការបស់សមាគម និងវិនិយោគិនសក្តានុពល៕




អត្ថបទ៖ ប៊ី


