ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ខេត្តស្ទឹងត្រែង ជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយ ដែលមិនគួរឱ្យខកខានក្នុងការមកកម្សាន្ត និងទស្សនា

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា សក្តានុពលធម្មជាតិដ៏មហិមានៃខេត្តស្ទឹងត្រែង បានធ្វើឱ្យខេត្តស្ទឹងត្រែង ក្លាយជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយ ដែលមិនគួរឱ្យខកខានក្នុងការមកកម្សាន្ត និងទស្សនា ពោលគឺខេត្តស្ទឹងត្រែង ជាចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដែលហូរចាក់បញ្ចូលគ្នាក្លាយជាប្រព័ន្ធជីវៈចម្រុះដ៏កម្រ និងមានសារៈសំខាន់បំផុតសម្រាប់ពិភពលោក។

ឯកឧត្តម ហួត ហាក់ បានថ្លែងដូច្នេះកាលពីថ្ងៃទី៧ ខែមីនា​​ ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះស៊ីក្លូនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមពាក្យស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរួមគ្នា ក្រោមប្រធានបទ៖ «ស្ទឹងត្រែងលើសពីទន្លេ, លើសពីធម្មតា» នេះសបញ្ជាក់ឱ្យឃើញពីខេត្តស្ទឹងត្រែងមានសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ប្លែក និងសម្បូរបែប ព្រមទាំងដើម្បីជួយគាំទ្រដល់សមាគមស៊ីក្លូកម្ពុជាទៀតផង។

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា តាមរយៈក្រសួងទេសចរណ៍, មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង, មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងខេត្តទាំង៤ ដោយមានកិច្ចសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តស្ទឹងត្រែង និង រដ្ឋបាលខេត្តទាំង៤ផ្សេងទៀត (ខេត្តកណ្តាល, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ,ខេត្តក្រចេះ) រួមជាមួយសមាគមស៊ីក្លូកម្ពុជា បានដឹកនាំដំណើរព្យុហយាត្រាជិះស៊ីក្លូពីភ្នំពេញ មកកាន់ខេត្តស្ទឹងត្រែង ក្នុងចម្ងាយជាង ៣៧០គីឡូម៉ែត្រ ដែលប្រើប្រាស់រយៈពេលចំនួន ៦ថ្ងៃ (ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា)។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមថា សកម្មភាពដែលមានភាពប្រទាក់ក្រឡាគ្នាខាងលើនេះ គឺជាយុទ្ធសាស្ត្រច្នៃប្រឌិតមួយ ដែលបង្ហាញពីការអភិរក្សមរតកវប្បធម៌ស៊ីក្លូកម្ពុជា និងការផ្សារភ្ជាប់ជាមួយបងប្អូនសមាជិកស៊ីក្លូកម្ពុជា គឺជាអ្នកផ្តល់សេវាកម្មទេសចរណ៍ជួរមុខដ៏គួរឱ្យគោរព។ នេះជាការរំលឹកថាស៊ីក្លូ មានលក្ខណៈពិសេសលើសពីមធ្យោបាយដឹកជញ្ជូនធម្មតា, ស៊ីក្លូ គឺជាអត្តសញ្ញាណមួយរបស់ខ្មែរ, គឺជានិមិត្តសញ្ញានៃភាពអត់ធ្មត់ កម្លាំង និងក្តីសង្ឃឹម។

ជាការពិតណាស់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តថា ការធ្វើដំណើរដ៏វែងឆ្ងាយនេះ បានក្លាយជាសារមួយដ៏មានអត្ថន័យដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ថា វិស័យទេសចរណ៍ គឺជាការរួមចំណែករបស់មនុស្សគ្រប់រូប ហើយសាមគ្គីភាពរបស់យើងគឺជាកម្លាំងចលករ ដែលធ្វើឱ្យវិស័យទេសចរណ៍អាចឈានទៅមុខបានយ៉ាងស្វាហាប់៕

អត្ថបទ៖ ប៊ី