ទើបតែផលិតប៉ុន្មានខែប៉ុណ្ណោះ សហគ្រិនស្ត្រីខ្មែរមួយរូបអាចនាំយកម្សៅស៊ុបទៅលក់នៅប្រទេសចំនួន ២

ទើបតែចាប់ផ្ដើមផលិតក្នុងអំឡុងពេលប្រជាពលរដ្ឋខ្មែរពហិការផលិតផលថៃប៉ុណ្ណោះ តែសហគ្រិនស្ត្រីខ្មែរមួយរូប អាចនាំយកផលិតផលម្សៅស៊ុបមាន់របស់ខ្លួន ទៅលក់ប្រទេសចំនួន ២ នាដើមឆ្នាំ២០២៦នេះ។

តាមដានជាមួយយើង៖ Million Times

សហគ្រិនស្រ្តីរូបនេះ មានឈ្មោះថា ប៉ិច ស្រីណុច ដែលអ្នកមួយចំនួនស្គាល់ថា ជាម្ចាស់ពាន Master Chef Cambodia រដូវកាលទី២ កាលពីឆ្នាំ ២០២១កន្លងទៅនេះ។

កាលពីអំឡុងចុងឆ្នាំ ២០២៥កន្លងទៅនេះ ស្របពេលដែលប្រទេសថៃឈ្លានពានទឹកដីកម្ពុជា ហើយប្រជាពលរដ្ឋខ្មែរបានពហិការផលិតផលថៃនោះ កញ្ញា ប៉ិច ស្រីណុច ក៏បានបង្កើតនូវផលិតម្សៅស៊ុបមាន់ ដែលជាស្នាដៃរបស់ខ្លួនមានឈ្មោះថា Chef Noch។

ផលិតផលម្សៅស៊ុបមាន់របស់កូនខ្មែរមួយនេះ បាននិងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក ហើយថ្មីៗនេះ ក៏បាននាំចេញទៅក្រៅប្រទេសថែមទៀតផង។

កញ្ញា ប៉ិច ស្រីណុច បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន នាយប់ថ្ងៃទី២ ខែមីនានេះថា «ដើមខែ២ ចេញទៅ New Zealand ចុងខែ ២នេះ ម្សៅស៊ុបមាន់ Brand Chef Noch បានចេញដំណើរទៅទឹកដីនៃប្រទេសអូស្រ្ដាលី ក្នុងរដ្ឋ Queensland»។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ ផលិតផលម្សៅស៊ុប ប្រេន Chef Noch ក៏ទទួលបានស្តង់ដាហាឡាល់ជាផ្លូវការណ៍ ដោយស្របតាមច្បាប់របស់កម្ពុជា ដោយមានការចុះត្រួតពិនិត្យពីស្ថាប័ន ពាក់ពន្ធ័នៅទីតាំងផលិតផ្ទាល់។

កញ្ញា ប៉ិច ស្រីណុច ម្ចាស់ផលិតផល Chef Noch បានបញ្ជាក់ថា ហាឡាល់ គឺមិនត្រឹមតែអាចបញ្ជាក់បានថា បងប្អូនអ៊ីស្លាមអាចទទួលទានបានទេ តែហាឡាល់ជាស្តង់ដាដែលអាចបញ្ជាក់បានថា ទីតាំងផលិតកម្ម និងផលិតផលដែលទទួលបានស្លាកសញ្ញាឱ្យប្រើប្រាស់ គឺមានការអនុវត្តនូវអនាម័យល្អ៕

អត្ថបទ៖ វីរៈ រូបភាព៖ Pich Sreinuch