ស្របពេលតម្លៃមាសអន្តរជាតិ កំពុងមានការហក់ឡើងយ៉ាងគំហុកនោះ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅកម្ពុជា បានបង្កើតប្រភេទកម្ចីថ្មីមួយ ដោយអតិថិជនអាចយកគ្រឿងមាសធ្វើជាទ្រព្យធានា ក្នុងការស្នើខ្ចីប្រាក់បានរហូតដល់ ៧០%នៃតម្លៃមាស។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះ មានឈ្មោះថា អិលអូអិលស៊ី ដោយបានបើកសម្ពោធដំណើរការជាផ្លូវការនូវ “ឥណទានមាសកើនទ្រព្យ” ដែលជាផលិតផលឥណទានថ្មី ដំបូងគេបង្អស់ក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។

នៅក្នុងឱកាសនោះ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានឱ្យដឹងថា ការបង្កើតឥណទានមាសកើនទ្រព្យនេះឡើង គឺក្នុងគោលបំណងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុតជូនដល់អតិថិជន ដែលមានតម្រូវការសាច់ប្រាក់បន្ទាន់ ដោយពួកគាត់អាចប្រើប្រាស់គ្រឿងមាសធ្វើជាទ្រព្យធានា ក្នុងការស្នើឥណទានពីអិលអូអិលស៊ី បានរហូតដល់ ៧០% នៃតម្លៃមាស។

លោកថា ឥណទានមាសកើនទ្រព្យនេះ ធ្វើឡើងប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ជាមួយនឹងការអនុម័តរហ័ស អត្រាការប្រាក់ល្អបំផុត ព្រមទាំងផ្តល់ជម្រើសក្នុងការបង់សងត្រឡប់តាមតម្រូវការរបស់អតិថិជន។
បើតាម អិលអូអិលស៊ី ឥណទានមាសកើនទ្រព្យ គឺអតិថិជនទទួលបានសាច់ប្រាក់រហ័ស ការវាយតម្លៃមាសប្រកបដោយតម្លាភាព ផ្អែកលើតម្លៃទីផ្សារប្រចាំថ្ងៃ និងអាចស្នើសុំបន្ថែមសាច់ប្រាក់ ដោយផ្អែកលើតម្លៃទីផ្សារមាសជាក់ស្តែង ព្រមទាំងអាចបង់ផ្តាច់ ឬបង់រំលស់ដើម មុនកាលកំណត់ពេលណាក៏បាន ដោយមិនមានពិន័យឡើយ។

ជាមួយគ្នានេះ អិលអូអិលស៊ី សង្ឃឹម និងជឿជាក់ថា ឥណទានមាសកើនទ្រព្យ នេះនឹងក្លាយជាជម្រើសក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុឆាប់រហ័ស ងាយស្រួល និងពោរពេញដោយទំនុកចិត្តជូនអតិថិជនគ្រប់រូប៕
អត្ថបទ៖ វីរៈ រូបភាព៖ អិលអូអិលស៊ី


