រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ដំឡូងមីនៅតែជាដំណាំយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពលខ្ពស់

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដំឡូងមីនៅតែជាដំណាំយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពលខ្ពស់ ដែលចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

តាមដានជាមួយយើង៖ Million Times

ការលើកឡើងនេះ ស្របពេលលោកជំទាវរដ្ឋមន្ត្រីពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យអនុវត្ត និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការទិញ-លក់ដំទ្បូងមីស្រស់ និងចំណិតក្រៀម កាលពីថ្ងៃទី២៦ ខែកុម្ភៈ។

នៅក្នុងឱកាសនោះ លោកជំទាវ ចម និម្មល បានលើកឡើងថា ដំឡូងមីនៅតែជាដំណាំយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពលខ្ពស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលកន្លងទៅរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិ ​ស្តីពី ​ដំឡូងមី ២០២០-២០២៥។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ការឯកភាពជាគោលការណ៍អនុញ្ញាតឱ្យក្រសួងពាណិជ្ជកម្ម បន្តដឹកនាំរៀបចំគោលនយោបាយជាតិ ស្តីពី ដំទ្បូងមីដំណាក់កាលទី២ សម្រាប់រយៈពេល ៥ឆ្នាំបន្ត ក្នុងគោលបំណងធ្វើឱ្យកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ផលិតផលដំទ្បូងមីដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោក ក្នុងចំណោមគោលបំណងសំខាន់ៗដទៃទៀត។

ជាមួយគ្នានេះដែរ​ លោកជំទាវរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញដំទ្បូងមី តាមរយៈការដាក់ចេញនិងអនុវត្តនូវវិធានការសំខាន់ៗ ដូចជា៖ ការសម្របសម្រួល​បង្កើត​សហព័ន្ធដំឡូង​មី​កម្ពុជា និងសមាគម​សម្ព័ន្ធដំឡូងមី​កម្ពុជា-ចិន ដើម្បីប្រមូលផ្តុំលទ្ធភាពផ្គត់ផ្គង់និង​ជំរុញ​ការទិញ-លក់​ដំឡូងមី និង​អភិវឌ្ឍ​សមត្ថភាព​វិស័យ​ឯកជន។

លោកជំទាវ ចម និម្មល បានបន្ថែមទៀតថា រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក៏បានដាក់ឱ្យប្រើប្រាស់​ថ្នាល​ព័ត៌មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី, ការបង្កើតក្រុមការងារ​ជំរុញ​ការនាំចេញ និងការសម្របសម្រួល​ចុះអនុស្សរណៈ នៃ​ការយោគ​យល់គ្នានិង​​កិច្ចសន្យា​ទិញ-លក់​ដំឡូងមី ដើម្បីនាំចេញ​ទៅទីផ្សារ​ក្រៅប្រទេស, ការបង្កើតក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្មលើការទិញ-លក់ដំទ្បូងមី ក៏ដូចជាការដាក់ឱ្យអនុវត្តនូវ “សេចក្តីណែនាំស្តីពីការទិញ-លក់ដំឡូងមីស្រស់និងចំណិតក្រៀម” នេះ ជាដើម៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម