ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩ ធ្វើឡើងនៅខេត្តសៀមរាប ដោយមានស្តង់ចំនួន ១១០

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩ ឆ្នាំ២០២៦ ក្រោមមូលបទ «ជំរុញ និងគាំទ្រផលិតផលជាតិ» ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដោយមានស្តង់ដាក់តាំងបង្ហាញផលិតផល និងបន្លែផ្លែឈើជាង ១១០ស្តង់។ ពិធីបើកដំណើរការពិព័រណ៍នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ក្រោមអធិបតីភាពឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម សំហេង បូរ៉ា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមលើកកម្ពស់ផលិតជាតិ #MadeInCambodia ឱ្យមានការប្រើប្រាស់កាន់តែច្រើនឡើង ព្រមទាំងបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានស្គាល់កាន់តែច្បាស់ពីផលិតផលខ្មែរ។

ម្យ៉ាងទៀត ពិព័រណ៍នេះ បានផ្តល់ជាវេទិកាសម្រាប់អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញ-នាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋានទាំងអស់ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ប្រកបដោយគុណភាព សោភ័ណភាព និងអនាម័យ ទៅកាន់សាធារណជន ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បាន​ឱ្យដឹងដែរថា ដើម្បីលើកកម្ពស់ និងជំរុញការគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើម និងសម្ពោធ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ទូទាំងប្រទេស ដែលយុទ្ធនាការនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១សប្តាហ៍ ក្នុង១ខែ មានរយៈពេលមួយឆ្នាំពេញ ដោយផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ។

បើតាមឯកឧត្តមរដ្ឋលេខាធិការ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចដល់ធុរជន និងវិនិយោគិននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

សូមជម្រាបថា ពិព័រណ៍នេះមានក្រុមហ៊ុន សហគ្រាស អាជីវករ ផលិតផលករ សហគមន៍ អ្នកដាំដុះ ចូលរួមចំនួន ៩២ និងមានស្តង់ចំនួន ១១០ស្តង់ ដោយចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម